យោងតាមមន្រ្តីការិយាល័យជំរុញការនាំចេញ (EPB) ប្រចាំប្រទេសបង់ក្លាដេស បានឲ្យដឹងថាការនាំចេញរបស់ប្រទេសបង់ក្លាដេសក្នុងខែដំបូងនៃឆ្នាំសារពើពន្ធ ២០១៩ និង ២០២០ ដែលបញ្ចប់នៅខែមិថុនាឆ្នាំក្រោយបានកើនឡើង ៨.៥៥% ស្មើនឹងតម្លៃជិត ៤ ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះដែរប្រាក់ចំណូលដែលទទួលបានពីការនាំចេញក្នុងខែកក្កដាមានចំនួន ៣.៨៨ ពាន់លានដុល្លារអាមេរិក។
ក្នុងនោះប្រភពដដែលបានបន្តថាប្រាក់ចំណូលសរុបដែលទទួលបានភាគច្រើនពីការនាំចេញសម្លៀកបំពាក់ដូចជាប្រភេទក្រណាត់ប៉ាក់ និងក្រណាត់ត្បាញដែលមានចំនួន ៣.៣១ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះដែរយោងតាមទិន្នន័យរបស់ (EPB) បង្ហាញថាការនាំចេញសម្លៀកបំពាក់ប្រភេទក្រណាត់ប៉ាក់បានកើនឡើង ៩.៨៩% ស្មើនឹងតម្លៃ ១.៦៨ ពាន់លានដុល្លារអាមេរិក ខណៈដែលសម្លៀកបំពាក់ប្រភេទក្រណាត់ត្បាញបានកើនឡើង ៩.៥១% ស្មើនឹង ១.៦៣ ពាន់លានដុល្លារអាមេរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំសារពើពន្ធឆ្នាំមុន។
យ៉ាងណាមិញ ការកើនឡើងនេះអាចបង្ហាញបានថាប្រាក់ចំណូលសរុបនៃការនាំចេញរបស់បង់ក្លាដែសកាលពីឆ្នាំសារពើពន្ធ ២០១៨ និង ២០១៩ បានឈានដល់ចំនួន ៤០,៥៤ ពាន់លានដុល្លារអាមេរិក។ បន្ថែមពីនេះប្រទេសបង់ក្លាដែសក៏បានកំណត់ទិសដៅនាំចេញរបស់ខ្លួននៅក្នុងឆ្នាំសារពើពន្ធ ២០១៩ និង២០២០ បន្ថែមទៀតក្នុងតម្លៃចំនួន ៤៥.៥០ ពាន់លានដុល្លារអាមេរិករួមទាំង ៣៨.២០ ពាន់លានដុល្លារអាមេរិកពីផលិតផលកាត់ដេរដែលសម្រេចបាន៕


អត្ថបទ៖ លីនី


