មេរៀនជីវិតសំខាន់ៗ ៤ យ៉ាង ពីមហាសេដ្ឋី Jim Koch ដែលជាមនុស្សងប់ងល់នឹងសា្របៀរ រហូតបើកអាជីវកម្មផលិតស្រាបៀរទទួលបានជោគជ័យបំផុតនៅអាមេរិក
បុគ្គលជោគជ័យ August 22, 2019 Chan Sreyny

លោក Jim Koch គឺជាសហគ្រិនជនជាតិអាមេរិក ជាអ្នកនិពន្ធ និងជាមនុស្សចូលចិត្តស្រាបៀរដ៏ងប់ងល់ ដែលបានចាកចេញពីអាជីវកម្មរកប្រាក់ចំណេញរបស់គាត់នៅ Wall Street ដើម្បីចាប់ផ្តើមក្រុមហ៊ុនស្រាបៀរផ្ទាល់ខ្លួន គឺផលិតស្រាបៀរ Boston ហើយបង្កើតវាក្នុងចំណោមម៉ាកដែលទទួលបានជោគជ័យបំផុតនៅលើទីផ្សារសហរដ្ឋអាមេរិកជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំប្រមាណ ១ ពាន់លានដុល្លារ។ ខាងក្រោមនេះជាមេរៀនសំខាន់ៗ ដែលអ្នកអាចរៀនពីមហាសេដ្ឋីរូបនេះបានក្នុងបង្កើតអាជីវកម្ម ដែលយើងចូលចិត្តហើយទទួលបានជោគជ័យលើសពីការរំពឹងទុក៖

១.ធ្វើអ្វីដែលអ្នកចូលចិត្ត៖ លោក Jim Koch មិនសប្បាយចិត្តជាមួយអ្វីដែលខ្លួនទទួលបាននោះទេ ទោះបីជាគាត់ទទួលបានសញ្ញាប័ត្រផ្នែកពាណិជ្ជកម្ម និងច្បាប់ពីមហាវិទ្យាល័យដ៏ល្បីល្បាញ Harvard ហើយទទួលបានការងារដែលអាចរកប្រាក់កម្រៃបានច្រើនក៏ដោយ។ នៅពេលគាត់គិតពីស្ថានភាពទាំងមូល ទើបគាត់បានដឹងថាអាជីពជាអ្នកពីគ្រោះយោបល់ មិនមែនជាអ្វីដែលគាត់ចង់ធ្វើអស់មួយជីវិតនោះទេ ដូច្នេះគាត់បានលាឈប់បន្ទាប់ពីចំណាយពេល ៥ ឆ្នាំក្នុងក្រុមពិគ្រោះយោបល់នៅ Boston ទៅធ្វើអ្វីដេលគាត់ចូលចិត្តដោយបង្កើតរោងចក្រផលិត និងលក់ស្រាបៀរដែលអាចឲ្យលោកទទួលបានចំណូលរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ។

២.អាជីពការងារខុសពីចំណង់ចំណូលចិត្តមិនមែនជារឿងអាក្រក់នោះទេ៖ កុំបារម្ភ ប្រសិនបើអ្នកមិនអាចរកបានគោលដៅដែលអ្នកចង់ធ្វើ ឬ បានចំណាយពេលវេលាប្រហែល ២ ទៅ ​៣ឆ្នាំ ទៅលើការងារដែលអ្នកគិតថាមិនសមនឹងអ្នក។ តួយ៉ាងនៅក្នុងផ្លូវអាជីពរបស់លោក Jim Koch លោកធ្លាប់ធ្វើជាគ្រូបង្រៀនក្រៅម៉ោង នឹងចំនាយពេលជាង ៣ ឆ្នាំកន្លះដើម្បីឡើងភ្នំនៅទូទាំងអាមេរិក។ មេរៀនដែលគាត់បានរៀនពីការងារទាំងនោះគឺ​ អ្នកមិនដែលឡើងភ្នំ ដើម្បីទៅដល់កណ្ដាលនោះទេ អ្នកមានបំណងឡើងដល់កំពូល​ ឬ កុំឡើងទាំងអស់តែម្ដង រហូតដល់លោកបានចាប់ផ្តើមជីវិតពេញវ័យរបស់គាត់ដោយសម្រេចចិត្តនៅក្នុងអាជីវកម្មស្រាបៀរ ទាំងដែលទទួលរងការហាមឃាត់ពីឪពុករបស់គាត់ រហូតធ្វើឱ្យក្រុមហ៊ុនស្រាបៀរ Boston ក្លាយជាស្រាបៀរលំដាប់ខ្ពស់ជាងគេបំផុតនៅអាមេរិក ហើយឥឡូវនេះទ្រព្យសម្បត្តិសុទ្ធរបស់លោកមានជាង ១ ពាន់លានដុល្លារផងដែរ។

៣.​ឆន្ទៈមួយ នឹងបង្កើតផ្លូវមួយ៖ នៅពេលដែលអ្នកមានឆន្ទៈក្នុងការធ្វើរឿងអ្វីមួយ វាតែងតែមានផ្លូវសម្រាប់អ្នកជានិច្ច ទោះបីជាអ្នកជួបប្រទះនៅឧបសគ្គក៏ដោយ។ ជាក់ស្ដែងនៅពេលដែលលោក Jim Koch ដាក់លក់ផលិតផលដំបូងគំនិតដ៏ល្អបំផុតរបស់លោក គឺជួលអ្នកណាម្នាក់លក់ឲ្យគាត់ ព្រោះទោះបីជាគាត់ដឹងច្រើនអំពីពាណិជ្ជកម្ម និងច្បាប់ក៏ដោយ គាត់មិនមែនជាអ្នកលក់ដ៏ពូកែម្នាក់នោះទេ។ ប៉ុន្តែមិនមានអ្នកលក់ដុំនៅក្នុងតំបន់ Boston យល់ព្រមធ្វើជាតំណាងចែកចាយឲ្យគាត់នោះទេ ដូច្នេះគាត់បានបង្កើតអាជ្ញាប័ណ្ណលក់ដុំដោយខ្លួនគាត់ឯង ហើយបានលក់ទៅឲ្យបារដែលនៅតំបន់នោះ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង។

៤.ថ្ងៃច័ន្ធប្រហែលជាមិនមានទៀតទេ៖ នៅព្រឹកថ្ងៃសុក្រមិត្តម្នាក់បានផ្ញើសារជាមួយលេខារបស់លោក Jim Koch ថាគាត់នឹងទូរស័ព្ទទៅគាត់នៅថ្ងៃច័ន្ទ ប៉ុន្តែជាអកុសលបុរសនោះមិនបានធ្វើវាទេ​ ដោយបានស្លាប់ដោយសារគាំងបេះដូងនៅថ្ងៃអាទិត្យ។ ដូច្នេះលោកបានស្នើសុំឱ្យព្យួរផ្ញើសារនោះនៅលើជញ្ជាំងការិយាល័យរបស់គាត់ ដើម្បីរំលឹកគាត់ថាថ្ងៃច័ន្ទមិនដែលមកទេ។ ដូចនេះយោងតាមរឿងរបស់លោក រឿងដែលអ្នកត្រូវធ្វើ គឺចាប់ផ្តើមប្រមូលបទពិសោធន៍ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ហើយប្រសិនបើអ្នកមានអាយុ ២០ ឬ ៣០ ឆ្នាំសំណួរដ៏ល្អបំផុតដែលត្រូវសួរខ្លួនឯងគឺ “ តើបទពិសោធន៍អ្វីខ្លះដែលអ្នកមិនស្តាយក្រោយ ក្នុងរយៈពេល ១០ ឆ្នាំទៅមុខទៀត? ” ។ ដូច្នេះត្រូវសរសេរវា ធ្វើផែនការ និងកំណត់ពេលវេលា ដោយប្រើភាពចាំបាច់ និងសម្ពាធដើម្បីបង្ខំខ្លួនឯង ដើម្បីចាត់វិធានការ ពីព្រោះអ្នកប្រហែលជាមិនមានពេលវេលា ឬ សេរីភាពគ្រប់គ្រាន់ក្នុងការធ្វើរឿងជាច្រើននៅពេលអ្នកចាប់ផ្តើមអាជីព ឬ ក្នុងពេលរៀបការ និងមានគ្រួសារនោះទេ៕

អត្ថបទ៖ លីនី