និទានខ្លី៖ ខណៈពេលដែលបុរសម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ ឡានរបស់គាត់រងការខូចខាតយ៉ាងខ្លាំង ដូច្នេះគាត់ត្រូវយកឡានទៅធ្វើនៅយានដ្ឋាន ហើយក៏ត្រូវធ្វើដំណើរដោយរថភ្លើងសាធារណៈដើម្បីទៅធ្វើការ។ នៅយប់មួយពេលត្រលប់មកពីធ្វើការគាត់បានឃើញបុរសអនាថាម្នាក់នៅស្ថានីយ៍រថភ្លើង ឃើញបែបនេះគាត់អាណិតបុរសនោះខ្លាំងណាស់ក៏បានឲ្យប្រាក់ដែលនៅសេសសល់ក្នុងហោប៉ៅបន្តិចបន្តួចឲ្យទៅបុរសនោះ បុរសអនាថាក៏បានអរគុណគាត់។
លុះមកដល់ថ្ងៃបន្ទាប់គាត់ក៏បានឃើញបុរសអនាថាម្ដងទៀតនៅកន្លែងដដែល លើកនេះគាត់គិតថាគាត់គួរតែយកអ្វីបន្តិចបន្តួចឲ្យបុរសនោះបរិភោគ គិតរួចគាត់ក៏បានចេញទៅក្រៅហើយទិញអាហារឲ្យបុរសអនាថានោះ។ បុរសអនាថាបានអរគុណចំពោះភាពសប្បុរសរបស់គាត់ ដោយមានការងឿងឆ្ងល់ និងចង់ដឹងពីមូលហេតុដែលធ្វើឲ្យបុរសនោះស្ថិតក្នុងសភាពបែបនេះ គាត់ក៏បានសួរទៅកាន់បុរសអនាថានោះថា៖ ” ហេតុអ្វីបានជាអ្នកធ្លាក់ខ្លួនដល់ថ្នាក់នេះ? ” ។
បុរសអនាថាបានក្រឡេកទៅមើលគាត់ ហើយនិយាយទាំងញញឹមថា៖ ” ដោយសារការបង្ហាញក្ដីស្រលាញ់ ” ប៉ុន្តែគាត់ហាក់ដូចជាមិនយល់ពីអ្វីដែលបុរសនោះនិយាយគាត់ក៏បានសួរទៀតថា៖ ” តើអ្នកចង់បានន័យថាម៉េច? “។ បុរសអនាថាក៏បានឆ្លើយថា៖ ” ពេញមួយជីវិតរបស់ខ្ញុំ ខ្ញុំបានខិតខំប្រឹងប្រែងធ្វើគ្រប់យ៉ាង ដើម្បីប្រាកដថាមនុស្សគ្រប់គ្នាជុំវិញខ្លួនខ្ញុំសប្បាយរីករាយ មិនថាអ្វីដែលខ្ញុំធ្វើជារឿងខុស ឬ ត្រឹមត្រូវសម្រាប់ជីវិត ខ្ញុំតែងតែជួយមនុស្សគ្រប់គ្នា “។
បន្ទាប់ពីបានលឺដូច្នេះគាត់ក៏បានសួរទៅកាន់បុរសអនាថាទៀតថា៖ ” តើអ្នកសោកស្ដាយនូវរឿងទាំងនោះទេ? ” បុរសអនាថាក៏ឆ្លើយភ្លាមៗថា៖ ” ទេ! ផ្ទុយទៅវិញវាបានធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងណាស់ នៅពេលមនុស្សគ្រប់គ្នាដែលខ្ញុំបានឲ្យអាវនៅនឹងខ្លួនខ្ញុំទៅពួកគេ ប៉ុន្តែនៅពេលដែលខ្ញុំត្រូវការវា ពួកគេមិនផ្ដល់ឲ្យខ្ញុំវិញនោះទេ ” ។ បុរសអនាថាក៏បានបន្ថែមទៀតថា៖ ” អ្នកគួរសាងសង់ផ្ទះរបស់អ្នក បន្ទាប់មកហៅអ្នកដែលមិនមានកន្លែងស្នាក់អាស្រ័យមករស់នៅ ប្រសើរជាងឲ្យដុំឥដ្ឋដែលអ្នកកំពុងសាងសង់ផ្ទះទៅឲ្យពួកគេ ព្រោះថ្ងៃណាមួយអ្នកនឹងឃើញពីចន្លោះទំនេរ នៅកន្លែងដែលអ្នកគ្រោងនឹងសាងសង់ផ្ទះ បន្ទាប់មកអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលកំពុងស្វែងរកឥដ្ឋ “។ ក្រោយពីបានស្ដាប់បុរសអនាថានិយាយ គាត់ក៏បានយល់និងអរគុណចំពោះដំបូន្មានល្អៗរបស់បុរសនោះ។
តម្លៃអប់រំ៖ ការជួយអ្នកដទៃមិនមែនជារឿងអាក្រក់នោះទេ ប៉ុន្តែពេលខ្លះនៅពេលយើងកំពុងជួយអ្នកដទៃយើងភ្លេចពីបញ្ហា និងតម្រូវការផ្ទាល់ខ្លួន។ ដូច្នេះចូរចងចាំថាពេលខ្លះការចែករំលែកគឺប្រសើរជាងការលះបង់ អ្នកអាចធ្វើបានច្រើនថែមទៀតដោយស្ថិតក្នុងជំហររឹងមាំ ជំនួសការបណ្ដោយឲ្យខ្លួនអ្នកស្ថិតក្នុងស្ថានភាពទន់ខ្សោយ៕

អត្ថបទ៖ លីនី


