ក្រុមហ៊ុនដ៏ល្បីមួយក្នុងប្រទេសថៃ Central Pattana Plc (CPN) នឹងបើកដំណើរការ មជ្ឈមណ្ឌលដ៏ប្រណិតបែបអន្តរជាតិថ្មីមួយរបស់ខ្លួនមានឈ្មោះថា Central Village ដែលចំណាយទឹកប្រាក់ប្រមាណ ៥ ពាន់លាដុល្លារក្នុងការសាងសង់ នៅថ្ងៃទី ៣១ ខែសីហាខាងមុខនេះ។ មជ្ឈមណ្ឌលថ្មីបែបអន្តរជាតិ Central Village មានទីតាំងនៅជាប់អាកាសយានដ្ឋានសុវណ្ណភូមិ នៅលើផ្ទៃដី ១៦ ហិកតា ដែលគម្រោងផ្ទៃដីសរុបមានចំនួន ៤០,០០០ ម៉ែត្រការ៉េ ដោយបង្កើតឡើងក្នុងគោលបំណងរំលេចនូវស្ថាបត្យកម្មនិងអត្តសញ្ញាណវប្បធម៌របស់ថៃ។
លោក Nattakit Tangpoonsinthana អនុប្រធានផ្នែកទីផ្សារនៅក្រុមហ៊ុន (CPN) បានឲ្យដឹងថា ច បានកំពុងត្រួសត្រាយផ្នែកថ្មីនៃហាងលក់ទំនិញប្រណិតៗ ជាលើកដំបូងនៅក្នុងប្រទេសថៃ ក្នុងគោលបំណងបង្កើត វេទិកាលក់រាយថ្មីដោយបំពេញចន្លោះខ្វះខាតនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ន ដោយធ្វើឲ្យមជ្ឈមណ្ឌលមួយនេះក្លាយជាទិសដៅដើរទិញទំនិញឈានមុខគេមួយរបស់ពិភពលោក ដែលស្រដៀងនឹងទីក្រុងទេសចរណ៍ពេញនិយមដទៃទៀតដូចជា ជប៉ុន កូរ៉េខាងត្បូង និងហុងកុងដែលមានហាងលក់ឈានមុខគេនៅអាស៊ីផងដែរ។ ដោយ Central Village នឹងមានហាងទំនិញលំដាប់ល្បីៗនៅលើពិភពលោក និងម៉ាកល្បីជាង ១៣០ ដូចជា Chloe, Club 21, Coach, Polo Ralph Lauren, Salvatore Ferragamo និង Victoria’s Secret ជាដើម។
បន្ថែមពីនេះ ក្រៅពីកន្លែងលក់ទំនិញ Central Village ក៏មានភោជនីយដ្ឋាន ផ្សារ កន្លែងលេងរបស់កុមារ និងកន្លែងសេវាកម្មទេសចរណ៍ទៀតផង។
យ៉ាងណាមិញក្រុមហ៊ុន (CPN) រំពឹងថាមជ្ឈមណ្ឌលថ្មីលំដាប់អន្តរជាតិនេះ នឹងអាចទាក់ទាញអ្នកទេសចរពីចន្លោះ ៦ ដល់ ១០ លាននាក់ក្នុងមួយឆ្នាំ ដោយ ៦៥% ជាអ្នកទេសចរក្នុងស្រុកហើយភាគច្រើនសម្រាប់យុវវ័យ និងលំដាប់អ្នកមាននៅទូទាំងប្រទេស និង ៣៥% ទៀតទៅលើភ្ញៀវទេសចរអន្តរជាតិផងដែរ៕


អត្ថបទ៖ លីនី


