មួយឃ្លាពីស្ដេចជំនួញ Jack Ma ដែលសហគ្រិនគ្រប់រូបមិនគួររំលងក្នុងការចាប់ផ្ដើមអាជីវកម្មដំបូង
បុគ្គលជោគជ័យ August 21, 2019 Chan Sreyny

សហស្ថាបនិក និងជាប្រធានក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកចិន Alibaba លោក Jack Ma ត្រូវបានគេស្គាល់ថាជាបុរសដែលផ្ដល់ការអប់រំល្អបំផុត ជាពិសេសក្នុងការលើកទឹកចិត្តដល់វិនិយោគិនជំនាន់ថ្មី ជាមួយនឹងបទពិសោធល្អៗ និងមេរៀនជីវិតជាច្រើនក្នុងការធ្វើអាជីវកម្ម ដើម្បីទទួលបានជោគជ័យ។ ជាក់ស្ដែងនៅក្នុងវេទិកា APEC នៅប្រទេសវៀតណាម ដែលមាននិស្សិតវៀតណាមជាង ៣.០០០ នាក់ចូលរួមផងនោះ មហាសេដ្ឋីរូបនេះបាននិយាយទៅកាន់និស្សិតទាំងអស់ថា៖ « អ្វីដែលសំខាន់បំផុតសម្រាប់ការធ្វើជំនួញ គឺមិនមែនលុយទេ តែជាគំនិត និងការសម្របសម្រួលដ៏អស្ចារ្យផ្ទាល់ខ្លួនរបស់យើង ជាមួយមនុស្សដែលចែករំលែកគំនិតដូចគ្នាជាមួយយើង »។

នៅក្នុងការលើកឡើងនេះ Jack Ma​ បានធ្វើការបកស្រាយ ដោយភ្ជាប់ជាមួយនឹងបទពិសោធដែលលោកបានជួបប្រទះកន្លងមក ធ្វើឲ្យលោកគិតថាលុយមិនសំខាន់ក្នុងការធ្វើជំនួញនោះទេ ផ្ទុយទៅវិញការជ្រើសរើសពេលវេលា និងមនុស្សត្រឹមត្រូវដែលមានគំនិតដូចគ្នាជាមួយនឹងយើងដើម្បីចាប់ផ្តើមអាជីវកម្មដោយសង្កត់ធ្ងន់លើការងារជាក្រុម ទើបជារឿងសំខាន់។ ជាមួយគ្នានេះលោកបានបន្ថែមថា ប្រសិនបើនរណាម្នាក់ចង់ទៅលឿនត្រូវទៅតែម្នាក់ឯង ប៉ុន្តែប្រសិនបើមាននរណាម្នាក់ចង់ទៅឆ្ងាយ​ ត្រូវទៅជាមួយមនុស្សជាច្រើន។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតមហាសេដ្ឋីរូបនេះក៏បានលើកទឹកចិត្តដល់សហគ្រិនដែលទើបនឹងចាប់ផ្ដើម និងយុវជន ត្រូវក្លាហានប្រឈមនឹងការបរាជ័យ ហើយរៀនពីកំហុសរបស់ពួកគេ ដើម្បីទទួលបានជោគជ័យ ដោយយោងតាមបទពិសោធន៍របស់ខ្លួនគាត់ផ្ទាល់ ដែលបានបរាជ័យជាច្រើនដងក្នុងវ័យសិក្សា និងអាជីពប៉ុន្តែគាត់មិនដែលបោះបង់ឡើយ ហើយព្យាយាមជំនះរហូតទទួលបានជោគជ័យមកទល់សព្វថ្ងៃនេះ៕

អត្ថបទ៖ លីនី