នៅក្នុងសម័យកាលមួយ មានស្ដេចមួយអង្គបានយកដុំថ្មធំមួយទៅដាក់នៅកណ្ដាលផ្លូវ បន្ទាប់មកទ្រង់បានពួនចាំមើលថាតើនរណា ដែលជាអ្នករំកិលថ្មនោះចេញពីផ្លូវ។ គ្រានោះអ្នកជំនួញ និងអ្នកហែហមស្ដេចបានឆ្លងកាត់ផ្លូវនោះ ហើយបានដើរហួសថ្មនោះទៅ មនុស្សជាច្រើនបានស្ដីបន្ទោសយ៉ាងខ្លាំងដល់ព្រះមហាក្សត្រដែលមិនអាចដោះស្រាយពីបញ្ហានេះ ប៉ុន្តែគ្មាននរណាម្នាក់រកវិធី ឬ ធ្វើអ្វីម្យ៉ាងដើម្បីយកថ្មចេញពីផ្លូវនោះទេ។
នៅក្នុងថ្ងៃដដែលនោះក៏មានកសិករម្នាក់បានដឹកបន្លែឆ្លងកាត់ផ្លូវនោះ នៅពេលទៅដល់ជិតថ្ម កសិករបានដាក់បន្លែចុះ ហើយបានព្យាយាមរុញដុំថ្មចេញពីផ្លូវ ដោយខំប្រឹងរុញទាំងលំបាករហូតទទួលបានជោគជ័យ។ បន្ទាប់មកកសិករបានត្រលប់ទៅយកបន្លែរបស់គាត់ដែលបានដាក់ចុះ រំពេចនោះគាត់ក៏បានឃើញថង់ប្រាក់មួយនៅកន្លែងដាក់ថ្ម នៅក្នុងថង់នោះមានកាក់មាសជាច្រើន ជាមួយនឹងលិខិតដែលបានសរសេរដោយព្រះមហាក្សត្រថា មាសទាំងនេះសម្រាប់អ្នកដែលយកដុំថ្មចេញពីផ្លូវ។
តម្លៃអប់រំ៖ « រាល់ឧបសគ្គដែលយើងជួបប្រទះក្នុងជីវិត នឹងផ្តល់ឲ្យយើងនូវឱកាសដើម្បីកែប្រែកាលៈទេសៈនាពេលបច្ចុប្បន្នរបស់យើង ហើយខណៈពេលដែលមនុស្សខ្ជិលកំពុងត្អូញត្អែរ អ្នកផ្សេងទៀតកំពុងបង្កើតឱកាសតាមរយៈកំលាំងចិត្ត ភាពសប្បុរស និងប្រកបដោយឆន្ទៈដើម្បីសម្រេចបាន »៕
អត្ថបទ៖ លីនី


