កោះជេជូដែលស្ថិតនៅចុងភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង ទីក្រុងបាងកក និងទីក្រុងដាណាងក្នុងប្រទេសវៀតណាម បានក្លាយជាទិសដៅដែលប្រជាជនកូរ៉េខាងត្បូងនឹងចំណាយពេលក្នុងឱកាសវិស្សមកាលនៅខែក្រោយ ដោយប្រទេសជប៉ុនបានធ្លាក់ចេញពីបញ្ជីខណៈពេលមានជម្លោះការទូត និងពាណិជ្ជកម្ម។ ទិន្នន័យដែលបានបង្ហាញនេះត្រូវបានធ្វើឡើងដោយម៉ាស៊ីន Skyscanner សម្រាប់ស្វែងរកការធ្វើដំណើរនៅទូទាំងពិភពលោក ដែលបានធ្វើការវិភាគលើការស្វែងរកសំបុត្រយន្តហោះរបស់ប្រជាជនកូរ៉េខាងត្បូងសម្រាប់ថ្ងៃទី ១១-១៥ ខែកញ្ញាហើយបានរកឃើញថាតំបន់ទាំងបីខាងលើ គឺជាជំរើសសម្រាប់ពួកគេក្នុងកំឡុងពេលឈប់សម្រាកនាពេលខាងមុខនេះ។
ក្នុងនោះផងដែរភ្ញៀវទេសចរជាក្រុមរបស់កូរ៉េខាងត្បូងជាច្រើនបានជ្រើសរើសទីក្រុងដាណាង សម្រាប់ដំណើរកំសាន្ត ដោយទីក្រុងធំជាងគេទី៤ នៅវៀតណាមមានឆ្នេរ ដែលត្រូវបានបោះឆ្នោតជាឆ្នេរស្អាតបំផុតលំដាប់ទី៦ នៅលើពិភពលោក និងមានកន្លែងកំសាន្តជាច្រើនទៀតដូចជា ទីក្រុងបុរាណ Bana Hills និង Marble Mountains ជាដើម។ ដោយឡែកសម្រាប់កោះជេជូ និងទីក្រុងបាងកក ត្រូវបានជ្រើសរើសដោយភ្ញៀវទេសចរដែលមិនមែនជាក្រុម ឬ ភ្ញៀវដែលចូលចិត្តដំណើរកំសាន្តម្នាក់ឯង ដោយកោះជេជូធ្លាប់ជាទិសដៅឈប់សម្រាកក្នុងស្រុកដ៏ពេញនិយមបំផុតរបស់ប្រជាជនកូរ៉េតាំងពីយូរយារណាស់មកហើយ ដោយសារឆ្នេរសមុទ្រ ដ៏ស្រស់ស្អាត និងទាក់ទាញដូចជាភ្នំ Halla និងភ្នំភ្លើង parasitic ព្រមទាំងភោជនីយដ្ឋាន និងតំបន់កំសាន្តល្បីៗជាច្រើន ជាពិសេសប្រព័ន្ធដឹកជញ្ជូនមានភាពងាយស្រួលផងដែរ៕


អត្ថបទ៖ លីនី


