ឥណ្ឌូនេស៊ី៖ ការនាំចេញផលិតផលមិនមានជាតិប្រេង និងឧស្ម័នទៅក្រៅប្រទេសរបស់ឥណ្ឌូនេស៊ីត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ៨% ដោយឈានដល់តម្លៃ ១៧៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ នេះបើប្រៀបទៅនឹងឆ្នាំមុនមានត្រឹមតែ ១៦២.៦៥ ពាន់លានដុល្លារប៉ុណ្ណោះ។
ទន្ទឹមនឹងនេះដែរលោក Enggartiasto Lukita រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីបានមានប្រសាសន៍ថា ដើម្បីឈានដល់ការសម្រេចបានគោលដៅ រដ្ឋាភិបាលនឹងអនុវត្តនូវយុទ្ធសាស្រ្តផ្សេងៗរួមមាន ការធ្វើពិពិធកម្មផលិតផលដោយផ្ដោតទៅលើការកែលម្អផលិតផល ការគ្រប់គ្រងការនាំចូល ខិតខំបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រទេសដទៃទៀត ពង្រីកការនាំចេញទៅកាន់ទីផ្សារក្រៅតំបន់របស់ខ្លួន ជំរុញការផ្សព្វផ្សាយកាន់តែខ្លាំង និងបង្កើតសកម្មភាព និងបរិយាកាសពាណិជ្ជកម្មឲ្យកាន់តែប្រសើរឡើង។
គួររំលឹកផងដែរថាយោងតាមទិន្នន័យពីការិយាល័យស្ថិតិឥណ្ឌូណេស៊ីបានបង្ហាញថា កំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសទី២ នៃឆ្នាំនេះបានកើនឡើង ៥% ដែលជាតួលេខទាបបំផុតក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយបង្ហាញពីការលំបាកដែលសេដ្ឋកិច្ចឥណ្ឌូណេស៊ីជួបប្រទះចំពេលមានអស្ថិរភាពពិភពលោក។ យ៉ាងណាមិញប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បាននឹងកំពុងខិតខំជំរុញកំណើនសេដ្ឋកិច្ចជាតិដល់ជាង ៥% តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការបន្ធូរបន្ថយពន្ធដើម្បីជំរុញផលិតកម្ម។ ទោះយ៉ាងណាក៏ដោយសារតែប្រទេសឥណ្ឌូនេស៊ីនៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើធនធានធម្មជាតិ ធ្វើឲ្យតម្លៃទំនិញទាប ការប្រែប្រួលទីផ្សារពិភពលោក និងការវិនិយោគដ៏អាប់អួរ បានប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងការជំរុញកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំង៕

អត្ថបទ៖ លីនី


