យោងតាមក្រសួងពាណិជ្ជកម្មថៃបានបង្ហើបឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកំពុងជំរុញការនាំចេញរបស់ថៃ ជាពិសេសផ្លែមង្ឃុតថៃ ដែលជាការនាំចូលដ៏ពេញនិយមបំផុតសម្រាប់ប្រទេសនានាជុំវិញពិភពលោក រួមមានប្រទេសចិន ជប៉ុន អូស្រ្តាលី នូវែលសេឡង់ សិង្ហបុរី ឥណ្ឌូនេស៊ី ព្រុយណេ ហ្វីលីពីន វៀតណាម មីយ៉ាន់ម៉ា ឥណ្ឌា ឈីលី ប៉េរូ និងហុងកុង។
ទន្ទឹមនឹងនេះដែរជាលទ្ធផលប្រទេសថៃបានក្លាយជាប្រទេសនាំចេញផ្លែម្ឃុតលំដាប់ទី១ នៅលើពិភពលោក ដោយក្នុងឆ្នាំ ២០១៨ កន្លងទៅនេះការនាំចេញមង្ឃុតទៅក្នុងពិភពលោកមានតម្លៃ ២២៦ លានដុល្លារ។ ដោយឡែកក្នុងឆ្នាំ ២០១៩ នេះក្នុងរយៈ ៦ខែដំបូងថៃបាននាំចេញម្ឃុតក្នុងតម្លៃ ៣២៥ លានដុល្លារ ពោលគឺកើនឡើង ២២០% បើប្រៀបធៀបទៅនឹងការនាំចេញកាលឆ្នាំមុន។ ក្នុងនោះផងដែរប្រទេសចិន និងប្រទេសអាស៊ានគឺជាអ្នកនាំចូលផ្លែម្ឃុតថៃច្រើនជាងគេដែលមានចំនួនរហូតដល់ ៩៧% នៃការនាំចេញសរុប។
គួរបញ្ចាក់ផងដែរថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជាផ្នែកសំខាន់សម្រាប់កំណើននេះមិនត្រឹមតែចំពោះការនាំចេញផ្លែមង្ឃុតថៃប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការធានាទីផ្សារសម្រាប់ការនាំចេញផ្លែឈើថៃផ្សេងទៀតផងដែរ។ ខណៈដែលបច្ចុប្បន្ននេះភាពពេញនិយមនៃផលិតផលសរីរាង្គ និង Non-GMO កំពុងទទួលបានប្រជាប្រិយភាពដោយសារការយល់ដឹងពីសុខភាពកាន់តែប្រសើរឡើងពីអ្នកប្រើប្រាស់៕

អត្ថបទ៖ លីនី


