កាលពីព្រឹកថ្ងៃទី១៩ ខែសីហា កន្លងទៅនេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដែលបានចប់អណត្តិជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅក្នុងប្រទេសកម្ពុជា។ នៅក្នុជំនួបពិភាក្សានោះផងដែរ លោក George Edgar បានលើកឡើងពីការរីកចម្រើនយ៉ាងខ្លាំងរបស់ប្រទេសកម្ពុជា ដោយបានបញ្ជាក់អំពីការងារសំខាន់ៗដែល EU បានជំរុញជាពិសេសលើវិស័យកសិកម្ម ដែលជាអត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា និងប្រទេសកម្ពុជាទាំងមូល។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត សហភាពអឺរ៉ុបនឹងប្រកាសផ្ដល់ជំនួយដល់កម្ពុជានៅថ្ងៃពុធ ទី២១ ខែសីហាខាងមុខនេះ នូវទឹកប្រាក់ជាង១០០លានដុល្លារសម្រាប់វិស័យជលផល ជាពិសេសនឹងជួយដល់វិស័យបម្រែបម្រួលអាកាសធាតុ ដែលប្រទេសកម្ពុជាយើងជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍ដែលងាយរងគ្រោះដោយបម្រែបម្រួលអាកាសធាតុ ដែលនេះក៏ជាបញ្ហាពិភពលោកផងដែរ។ មិនតែប៉ុណ្ណោះ EU នឹងបន្តជួយលើវិស័យព្រៃឈើ ដែលបច្ចុប្បន្នជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រឆាំងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៏មួយចំនួនពាក់ព័ន្ធនឹងដំណើរការរបស់តុលាការខ្មែរក្រហមដែលនឹងមកដល់ទីបញ្ចប់នៅពេលខាងមុខនេះ ហើយសម្តេចក៏បានអរគុណចំពោះ EU ដែលបានជួយវិភាគទានក្នុងការស្វែងរកយុត្តិធម៌ចំពោះប្រជាពលរដ្ឋកម្ពុជា ជាពិសេសមិនត្រឹមតែប្រជាពលរដ្ឋដែលបាត់បង់អាយុជីវិតប៉ុណ្ណោះទេ ថែមទាំងជួយដល់ប្រជាពលរដ្ឋរងគ្រោះដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍នោះថែមទៀតផង៕

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister


