តារាឆ្នើម “ Shark Tank ” លោក Kevin O’Lary បង្ហាញពីមូលហេតុដែលលោកចំនាយប្រាក់ ១,០០០ ដុល្លារក្នុងមួយថ្ងៃសម្រាប់ការទទួលទានអាហារ
បុគ្គលជោគជ័យ August 20, 2019 Chan Sreyny

លោក Kevin O’Lary ត្រូវបានគេស្គាល់ថាជាតារាឆ្នើមក្នុងកម្មវិធី “ Shark Tank ” របស់ទូរទស្សន៍ដ៏ល្បីល្បាញរបស់អាមេរិក ABC មិនតែប៉ុណ្ណោះលោកក៏ជាបុគ្គលដែលមានភាពលេចធ្លោនៅក្នុងមុខជំនួញផងដែរ។ Kevin O’Lary អាចផ្ដល់នូវគន្លឹះក្នុងការសន្សំប្រាក់ និងការវិនិយោគដ៏ឆ្លាតវ័យ​ ប៉ុន្តែគាត់បានសារភាពគាត់បានធ្វើជាគំរូអាក្រក់ នៅពេលនិយាយអំពីការចំណាយសម្រាប់ម្ហូបអាហាររបស់គាត់។ ក្នុងរយៈពេលមួយសប្ដាហ៍ Kevin O’Lary បានចំណាយពេល ៦ថ្ងៃ សម្រាប់ទទួលទានអាហារនៅខាងក្រៅ ដោយក្នុងមួយថ្ងៃត្រូវចំណាយប្រហែល ១ ពាន់ដុល្លារ។ ខណៈពេលដែលគាត់ទទួលស្គាល់ថាទំលាប់ចំណាយលើអាហាររបស់គាត់មើលទៅដូចជារឿងខ្ជះខ្ជាយបំផុត ប៉ុន្តែសម្រាប់គាត់វាជាជំនួញ។

នៅក្នុងពិភពលោករបស់គាត់ អាហារថ្ងៃត្រង់គឺជាអាជីវកម្ម អាហារពេលល្ងាច និងពេលព្រឹកគឺជាកិច្ចប្រជុំ ដែលជាបទដ្ឋានមួយសម្រាប់លោកដើម្បីធ្វើឲ្យកិច្ចព្រមព្រៀងមួយកើតឡើង។ ទោះបីជាលោកចំណាយច្រើនទៅលើអាហារ ដើម្បីអាជីវកម្មយ៉ាងណាក៏ដោយ លោកមិនគាំទ្រឲ្យមនុស្សគ្រប់គ្នាទទួលទានអាហារថ្លៃៗ ដែលជាផ្នែកមួយខ្ជះខ្ជាយលុយកាក់នោះទេ ដោយគាត់បានផ្ដល់ដំបូន្មានដូច្នេះថា៖​

“ ប្រសិនបើអ្នកទើបតែចាប់ផ្តើមអាជីពរបស់អ្នកសូមក្រឡេកមើលប្រាក់ខែរបស់អ្នក ហើយកុំចំណាយលើសពី ២០% នៃប្រាក់ឈ្នួល បន្ទាប់ពីបង់ពន្ធលើការបរិភោគអាហារក្រៅផ្ទះ ” ។

“ ប្រសិនបើអ្នកចង់ ឆ្លាត ចូររក្សាការចំណាយលើការបរិភោគ និងការកំសាន្តនៅបាររបស់អ្នកឲ្យបាន ១០% នៃប្រាក់ខែ និងញ៉ាំអាហារនៅផ្ទះ ៤ ថ្ងៃក្នុងមួយសប្តាហ៍ ” ។

“ ប្រសិនបើអ្នកពិតជាចង់សន្សំប្រាក់ធ្វើវាឱ្យបាន ៦ ថ្ងៃក្នុងមួយសប្តាហ៍ ហើយចំណាយច្រើនតែមួយយប់ក្នុងមួយសប្តាហ៍ ” ។

ដោយឡែកលោក Kevin O’Lary បានដាស់តឿនមនុស្សគ្រប់រូបមិនគួរសន្សំសំចៃ ដោយចំណាយទៅលើរបស់ថោកៗនោះទេ មិនថាអ្នករកប្រាក់បានប៉ុន្មាននោះទេ អ្នកគួរតែចំណាយទៅលើអាហារដែលមានគុណភាពល្អ។ លោកបានបន្ថែមថា “ អាហារ គឺជាក្បាលម៉ាស៊ីនរបស់រាងកាយ ដូច្នេះអ្នកគួរតែគិតអំពីអ្វីដែលអ្នកដាក់ចូលក្នុងមាត់របស់អ្នកជារៀងរាល់ថ្ងៃ ” ៕

អត្ថបទ៖ លីនី