កសិករម្នាក់បានលក់ប៊ឺមួយផោនទៅឲ្យអ្នកដុតនំ អ្នកដុតនំខឹងខ្លាំងណាស់ព្រោះតែទទួលបានមិនគ្រប់ទម្ងន់ ក៏បានទៅតវ៉ា តែចុងក្រោយចាញ់ក្ដីទាំងអាម៉ាស់
គំនិតអប់រំ August 20, 2019 Chan Sreyny

រឿងនិទានខ្លី៖ ជារៀងរាល់ថ្ងៃកសិករម្នាក់បានលក់ប៊ឺមួយផោនទៅឲ្យអ្នកដុតនំ នៅថ្ងៃមួយអ្នកដុតនំបានថ្លឹងទម្ងន់ប៊ឺ ដើម្បីចង់ដឹងថាតើអ្វីដែលគាត់ទទួលបានត្រឹមត្រូវ ឬក៏យ៉ាងណា ប៉ុន្តែវាមិនត្រឹមត្រូវនោះទេ។ បុរសអ្នកដុតនំខឹងនឹងរឿងនេះខ្លាំងណាស់ ក៏បាននាំកសិករទៅតវ៉ានៅតុលាការ នៅពេលទៅដល់តុលាការក៏បានសួរកសិករថា តើគាត់ថ្លឹងប៊ឺដោយរបៀបណានៅពេលដែលលក់ទៅឲ្យអ្នកដុតនំ?

បុរសកសិករឆ្លើយថា៖ « តុលាការជាទីគោរព!​ ខ្ញុំត្រឹមជាមនុស្សធម្មតា​ មិនមានការវាស់វែងត្រឹមត្រូវទេ ប៉ុន្តែខ្ញុំមានជញ្ជីងសម្រាប់ថ្លឹង »
ចៅក្រមក៏បានសួរទៀតថា៖ « តើអ្នកថ្លឹងប៊ឺដោយរបៀបណា? »
កសិករឆ្លើយថា៖ « តុលាការជាទីគោរព! មុនពេលដែលអ្នកដុតនំចាប់ផ្ដើមទិញប៊ឺពីខ្ញុំ ខ្ញុំបានទិញនំបុ័ងមួយផោនពីគាត់។ ជារាល់ថ្ងៃនៅពេលដែលអ្នកដុតនំយកនំបុ័ងមក ខ្ញំតែងតែដាក់វានៅលើជញ្ជីង ហើយថ្លឹងប៊ឺទៅឲ្យគាត់ក្នុងចំនួនដូចគ្នា។ ដូច្នេះអ្នកដែលខុសពិតប្រាកដគឺជាអ្នកដុតនំ »។

តម្លៃអប់រំ៖ នៅក្នុងជីវិត អ្នកនឹងទទួលបានអ្វីដែលអ្នកបានធ្វើ ដូច្នេះកុំព្យាយាមបោកប្រាស់ ឬ កេងបន្លំអ្នកដទៃ ៕

អត្ថបទ៖ លីនី