គិតត្រឹមខែកក្កដា ឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំណូលពីការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាលកើនឡើងដល់ ៦១.២៩%
សេដ្ឋកិច្ច August 20, 2019 Chan Sreyny

ភ្នំពេញ៖ យោងតាមរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីយានយន្តរបស់គណៈកម្មការអន្តរក្រសួង បានបង្ហាញឱ្យឃើញថា ការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល មានការកើនឡើង ៦១.២៩% គិតត្រឹមខែកក្កដា ឆ្នាំ២០១៩ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ កន្លងទៅ។ ដោយឡែក ដោយមានការកែសម្រួលលើតម្លៃលេខមួយចំនួន និងផ្លល់ជូននូវការបញ្ចុះតម្លៃ ក្រសួងបានចេញនូវប្រកាសអន្តរក្រសួងថ្មីលេខ ៦៨៦ សហវ.ប្រក ស្តីពីការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល ដោយបានចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ដែលនឹងត្រូវអនុវត្តនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ដើម្បីប្រមូលចំណូល មិនមែនសារពើពន្ធបង្កើនចំណូលរដ្ឋបន្ថែម និងដើម្បីផ្តល់ជម្រើសកាន់តែសម្បូរបែបជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរនៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីយានយន្តរបស់គណៈកម្មការអន្តរក្រសួងលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល ក៏បានជំរុញឱ្យសមាជិកសមាជិកាគណៈកម្មការអន្តរក្រសួង ជជែកពិភាក្សាឱ្យបានលម្អិត និងផ្តល់ធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យសេចក្តីព្រាងនៃប្រកាសអន្តរក្រសួងស្ដីពីការ លក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន អាចធានាបាននូវប្រសិទ្ធភាព និងរួមចំណែកដល់ការប្រមូលប្រាក់ចំណូលជាតិប្រកបដោយតម្លាភាពផងដែរ៕

អត្ថបទ៖ លីនី​