យោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយការិយាល័យស្ថិតិជាតិអ៉ីស្រាអែល បានឲ្យដឹងថាផលិតផលក្នុងស្រុកបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំត្រឹមតែ ១% ប៉ុណ្ណោះនៅត្រីមាសទី២ នៃឆ្នាំ ២០១៩ ដែលនេះគឺជាការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងសេដ្ឋកិច្ច បន្ទាប់ពីអត្រាកំណើនកាលពីត្រីមាសទី១ មាន ៤.៧% និងកាលពីឆ្នាំ ២០១៨ ក្នុងត្រីមាសទី៤ មាន៤.២%។ ជាមួយគ្នានេះការធ្លាក់ចុះយ៉ាងខ្លាំងនេះ បណ្ដាលមកពីការថយចុះនៃការប្រើប្រាស់ឯកជននៅក្នុងត្រីមាសទី២ ដោយសារតការធ្លាកចុះនៃការនាំចូលយានយន្ត។
គួររំលឹកផងដែរថានៅក្នុងត្រីមាសដំបូងនៃឆ្នាំ ២០១៩ ផ្នែកយានយន្តមានការកើនឡើងយ៉ាងខ្លាំង ដោយសារតែមានការផ្លាស់ប្ដូរ ពន្ធអេកូឡូស៊ីរបស់អ៉ីស្រាអែលដែលបានធ្វើឡើងកាលពីខែមេសា ធ្វើឲ្យតម្លៃរថយន្តកើនឡើង និងនាំឲ្យមានការទិញជាច្រើនមុនពេលតម្លៃឡើងថ្លៃ។ ទន្ទឹមនឹងនេះដែរទិន្នន័យក៏បានបង្ហាញផងដែរថា ការនាំចេញទំនិញ និងសេវាកម្មរបស់អ៉ីស្រាអែលដោយមិនរាប់បញ្ចូលក្រុមហ៊ុនដែលទើបនឹងចាប់ផ្ដើម និងពេជ្រកើនឡើង ៤.៦% នៅក្នុងត្រីមាសទី២ បន្ទាប់ពីការកើនឡើង ៨.៣% នៅក្នុងត្រីមាសទី១។
លើសពីនេះការចំណាយលើការប្រើប្រាស់សាធារណៈកើនឡើង ១០% ហើយការនាំចូលទំនិញនិងសេវាកម្មបានកើនឡើង ២% ផងដែរ។ ក្នងនោះការិយាល័យស្ថិតិកណ្តាលក៏បានចេញផ្សាយផងដែរថា ការចំណាយជាតិរបស់អ៉ីស្រាអែលលើសុខភាពនៅឆ្នាំ ២០១៨ មាន ៧.៦% នៃ ផលិតផលក្នុងស្រុកសរុប ដែលមានចំនួនប្រហែល ២៨.៥ ពាន់លានដុល្លារអាមេរិក នេះជាការកើនឡើង ៤.៣% ក្នុងតម្លៃថេរបើប្រៀបធៀបនឹងឆ្នាំ ២០១៧ និងកំណើន ២.៣% នៃការចំណាយសម្រាប់មនុស្សម្នាក់។ យ៉ាងណាមិញអ្នកជំនាញអ៉ីស្រាអែលមួយចំនួន ប៉ាន់ស្មាន់ថាកំណើនខ្សោយអាចបណ្ដាលឲ្យធនាគារអ៉ីស្រាអែលផ្លាស់ប្តូរផែនការរបស់ខ្លួន និងបន្ថយអត្រាការប្រាក់មូលដ្ឋានដែលបច្ចុប្បន្នមាន ០.២៥% ត្រឡប់ទៅកម្រិតខ្ពស់ជាងនេះ៕

អត្ថបទ៖ លីនី


