សិង្ហបុរី៖ រដ្ឋាភិបាលសិង្ហបុរីនឹងចំណាយថវិការចំនួន ១០ ពាន់លានដុល្លារសិង្ហបុរី ( ៧.២ ពាន់លានដុល្លារអាមេរិក ) ដើម្បីបញ្ចប់ប្រព័ន្ធលូក្រោមដីមួយនៅក្នុងទីក្រុង។ ប្រព័ន្ធលូដែលមានអង្កត់ផ្ចិត ៣ ទៅ ៦ ម៉ែត្រ និងជម្រៅ ៣៥ ទៅ ៥៥ ម៉ែត្រ នឹងអាចប្រមូលទឹកសំណល់ ឬ ទឹកកង្វក់ពីគ្រួសារ និងរោងចក្រ ហើយបញ្ជូនទៅរោងចក្រប្រព្រឹត្តកម្ម ហើយទឹកដែលបានច្នៃរួចនឹងត្រូវប្រើជាចម្បងសម្រាប់ឧស្សាហកម្ម និងសម្រាប់មាស៊ីនត្រជាក់។
ជាមួយគ្នានេះដែរខ្សែលូក្រោមដីប្រវែង ៩០ គីឡូម៉ែត្រដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥ និងអាចបង្កើនសមាមាត្រទឹកដែលកែច្នៃ បានដល់ ៤០% ទៅនឹងតម្រូវការបច្ចុប្បន្ននៅក្នុងប្រទេសសិង្ហបុរី ដោយរដ្ឋាភិបាលសឹង្ហបុរីសង្ឃឹមថានឹងអាចឆ្លើយតបបាន ៨៥% នៃតម្រូវការជាមួយនឹងការកែច្នៃទឹកខ្វក់ និងការបន្សាបទឹកសមុទ្រនៅឆ្នាំ ២០៦០ ផងដែរ។
គួរបញ្ជាក់ផងដែរថាក្នុងនាមជាប្រទេសដែលពុំមានធនធានទឹកគ្រប់គ្រាន់ សិង្ហបុរីកំពុងធ្វើការវិនិយោគយ៉ាងខ្លាំង ដើម្បីបង្កើនការផលិតទឹកដើម្បីបំពេញតាមត្រូវការ ឲ្យបានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ដោយសារតែប្រទេសនេះតែងតែប្រឈមនឹងសម្ពាធលើបញ្ហាមួយនេះ ដោយសិង្ហបុរីតែងតែទិញទឹកពីប្រទេសម៉ាឡេស៊ី ដើម្បីប្រើប្រាស់ជារៀងរាល់ឆ្នាំ៕


អត្ថបទ៖ លីនី


