ថៃចាយលុយជិត ១ លានដុល្លារ សម្រាប់ប្រតិបត្តិការបង្កើតទឹកភ្លៀងសិប្បនិម្មិត ដើម្បីដោះស្រាយគ្រោះរាំងស្ងួតនៅតំបន់ភាគខាងជើង ភាគឦសាន្ត និងភាគកណ្ដាល
សេដ្ឋកិច្ច August 19, 2019 Chan Sreyny

ថៃ៖ កាលពីថ្ងៃទី ១៦ ខែសីហាកន្លងទៅថ្មីៗនេះ រដ្ឋាភិបាលបានចាប់ផ្ដើមប្រតិបត្តិការបង្កើតភ្លៀងនៅតំបន់ភាគខាងជើង តំបន់ខាងជើងភាគឦសាន្ត និងភាគកណ្ដាល ដើម្បីដោះស្រាយគ្រោះរាំងស្ងួត។ នៅក្នុងប្រតិបត្តិការនេះមានការចូលរួមពី កងទ័ពអាកាស ដោយប្រើយន្តហោះចំនួន ៦ គ្រឿងមកពីផ្នែកកងទ័ពអាកាសជាមួយកងនាយកដ្ឋាននៃការធ្វើព្យុះភ្លៀង និងកសិកម្មអាកាសចរណ៍ (DRAA) ដើម្បីអនុវត្តប្រតិបត្តិការបង្កើតពពកនៅលើអាកាស ដោយកាលពីខែកក្កដា គណៈរដ្ឋមន្រ្តីថៃបានអនុម័តថវិកាចំនួន ៣០ លានបាត (៩៧១,៣១០ ដុល្លារ) សម្រាប់បេសកកម្មដើម្បីបន្ធូរបន្ថយគ្រោះរាំងស្ងួតនៅក្នុងតំបន់ទាំង ៣ នេះ។

ជាមួយគ្នានេះដែរ បើទោះបីគ្រោះរាំងស្ងួតបានធូរស្រាលបន្តិចនៅតំបន់ខ្លះដោយសារភ្លៀងមូសុងប៉ុន្មានថ្ងៃកន្លងមកនេះក៏ពិតមែន ប៉ុន្តែអាងស្តុកទឹកជិត ២០០ កន្លែងក្នុងនោះអាងស្តុកទឹកធំៗ ១៩ កន្លែងកំពុងស្ថិតក្នុងកម្រិតទាប ដែលត្រូវការជំនួយជាបន្ទាន់ដោយមធ្យោបាយបង្កើតទឹកភ្លៀងសិប្បនិម្មិត ដើម្បីអាចធានាថានឹងមានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងរដូវនេះ និងរដូវបន្ទាប់។ យ៉ាងណាមិញ អគ្គនាយករង (DRAA) បានឲ្យដឹងថាប្រតិបត្ដិការបាចពពកនឹងត្រូវធ្វើឡើងរហូតដល់ចុងខែកញ្ញាដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំនេះ ដោយអង្គភាពផលិតទឹកភ្លៀងទាំង ១១ កន្លែងនៅទូទាំងប្រទេសនឹងហោះហើរនៅពេលណាដែលអាកាសធាតុអំណោយផលល្អ ដែលផ្ដល់ភាពងាយស្រួលក្នុងការទាក់ទាញទឹកភ្លៀងឲ្យបានកាន់តែច្រើន៕


អត្ថបទ៖ លីនី