ប្រទេសចិនបានជំនួសប្រទេសស្វីសក្លាយជាទីផ្សារនាំចេញទំនិញធំបំផុតទី៦ សម្រាប់អៀរឡង់នៅឆមាសទីមួយនៃឆ្នាំ ២០១៩ នេះបើយោងតាមតួលេខពាណិជ្ជកម្មចុងក្រោយដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិអៀរឡង់។ ខណៈដែលនៅក្នុងឆមាសទី១ កាលពីឆ្នាំមុនប្រទេសចិនគឺជាទីផ្សារនាំចេញទំនិញធំជាងគេទី ៨ សម្រាប់ប្រទេសអៀរឡង់ដែលឈរនៅពីក្រោយប្រទេសស្វីស និងបារាំង។
តាមប្រភពដដែលបានបង្ហាញថាក្នុងរយៈពេលពីខែមករាដល់ខែមិថុនាប្រទេសអៀរឡង់បាននាំចេញទំនិញដែលមានតម្លៃសរុប ៤.១៣ ពាន់លានអឺរ៉ូ (ប្រហែល ៤.៦ ពាន់លានដុល្លារអាមេរិក) ទៅកាន់ប្រទេសចិនកើនឡើង ១.៦៦ ពាន់លានអឺរ៉ូ ឬ ៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះដែរតួលេខរបស់អង្គការសង្គមស៊ីវិលក៏បានបង្ហាញផងដែរថាអៀរឡង់បាននាំចូលទំនិញសរុបចំនួន ២.៤៥ ពាន់លានអឺរ៉ូពីប្រទេសចិននៅក្នុងឆមាសទី ១ នៃឆ្នាំ ២០១៩ ដែលកើនឡើង ១៧៨ លានអឺរ៉ូ ឬជិត ៨% ពីមួយឆ្នាំទៅមួយឆ្នាំ។
គួរបញ្ជាក់ផងដែរថាទីផ្សារកំពូលទាំង ៥ សម្រាប់ការនាំចេញទំនិញរបស់អៀរឡង់នៅឆមាសទី ១ នៃឆ្នាំនេះមានដូចជា សហរដ្ឋអាមេរិក ប៊ែលហ្សិក អង់គ្លេស អាល្លឺម៉ង់ និងហូឡង់។ ហើយមកទល់បច្ចុប្បន្នប្រទេសចិន គឺជាទីផ្សារនាំចេញទំនិញធំបំផុតសម្រាប់ប្រទេសអៀរឡង់ នៅអាស៊ី ហើយក៏ជាទីផ្សារធំលំដាប់ទីបីសម្រាប់ការនាំចេញកសិផលអៀរឡង់នៅលើពិភពលោកផងដែរ៕

អត្ថបទ៖ លីនី


