សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានជំរុញឱ្យសហភាពអឺរ៉ុប (EU) រក្សាការអនុគ្រោះពាណិជ្ជកម្មទាំងអស់លើកលែងតែអាវុធ (EBA) សម្រាប់កម្ពុជា។ ដោយសហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការរយៈពេល ១៨ ខែនៅក្នុងខែកុម្ភៈដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ននៃការចូលធ្វើពាណិជ្ជកម្មដោយមិនបង់ពន្ធរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបក្រោមគម្រោង EBA ។
ជាមួយគ្នានេះនៅក្នុងសេចក្ដីថ្លែងការណ៍មួយ GMAC បានឱ្យដឹងថាប្រទេសកម្ពុជាបានទទួលអត្ថប្រយោជន៍ពីគម្រោង EBA តាំងពីឆ្នាំ ២០០១ ដែលបានជួយឱ្យប្រជាជនកម្ពុជារាប់លាននាក់បានរួចផុតពីភាពក្រីក្រ ហើយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសជាតិ។ ដូច្នេះប្រសិនបើ EBA ត្រូវបានដកហូតនោះជីវភាពរបស់កម្មករកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញចំនួន ៧៥០,០០០ នាក់ និងសុខមាលភាពរបស់ប្រជាជនកម្ពុជាប្រមាណ ៣ លាននាក់នឹងស្ថិតក្នុងការលំបាក។
ជាក់ស្ដែងពន្ធលើផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលកង់នឹងកើនឡើង ១២% ១៦% និង១០% ក្នុងផលិតផលនីមួយៗ ប្រសិនបើ EBA ត្រូវបានដកហូតចេញ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកដែលបានចេញផ្សាយកាលពីខែឧសភា។ បន្ថែមពីនេះសេដ្ឋកិច្ចកម្ពុជាក៏អាចនឹងជួបប្រទះបញ្ហាផងដែរ ដោយសារតែឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញមានប្រមាណ ៧៥% នៃទំនិញនាំចេញសរុបរបស់កម្ពុជា និង ៩០% នៃការនាំចេញរបស់កម្ពុជាគឺទៅកាន់សហភាពអឺរ៉ុប។
គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំមុនការនាំចេញពីកម្ពុជាទៅសហភាពអឺរ៉ុបមានចំនួនសរុប ៤,៧៧ ពាន់លានអឺរ៉ូ (៥,៣១ ពាន់លានដុល្លារ) កើនឡើង ១០ ដងចាប់តាំងពី EBA ត្រូវបានពង្រីកដល់ប្រទេសកម្ពុជា។ យ៉ាងណាមិញសមាគម GMAC បានសង្កត់ធ្ងន់ទៅកាន់សមាជិកសភាមន្រ្តី និងអ្នកពាក់ព័ន្ធទាំងអស់របស់សហភាពអ៉ឺរ៉ុបថាការព្យួរអត្ថប្រយោជន៍ EBA នឹងបណ្តាលឱ្យបាត់បង់ការងារយ៉ាងសំខាន់នៅក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញ ហើយនឹងមិនផ្ដល់នូវគោលដៅរបស់គំរោង EBA ក្នុងការលុបបំបាត់ភាពក្រីក្រនិងការអភិវឌ្ឍប្រកបដោយចីរភាពនោះឡើយ៕


អត្ថបទ៖ លីនី


