យោងតាមក្រសួងហិរញ្ញវត្ថុក្នុងប្រទេសថៃបានឱ្យដឹងថារដ្ឋាភិបាលថៃថ្មីលោក ប្រាយុទ្ធ ចាន់អូចា នឹងចំណាយប្រាក់ជាង ១០ ពាន់លានដុល្លារអាមេរិកដើម្បីជំរុញកំណើនសេដ្ឋកិច្ច បន្ទាប់ពីការគ្រប់គ្រងយោធាអស់រយៈពេល ៥ ឆ្នាំ។ ជាមួយគ្នានេះដែរសេដ្ឋកិច្ចដ៏រស់រវើកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានរង្គោះរង្គើរបន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤ ហើយនៅក្នុងត្រីមាសទី១ នៃឆ្នាំនេះកំណើនបានធ្លាក់ចុះដល់ចំនួន ២.៨% ដោយចាប់តាំងពីពាក់កណ្ដាលឆ្នាំ ២០១៥ មកនេះជាលើកទី១ ហើយដែលកំណើនធ្លាក់ចុះទាបជាង ៣%។
ប្រភពដដែលបានបន្តថា កញ្ចប់ថវិកាប្រមាណ ៣១៦ ពាន់លានបាត (១០,២ ពាន់លានដុល្លារ) នឹងត្រូវទុកសម្រាប់ “ វិធានការជំរុញសេដ្ឋកិច្ចជាបន្ទាន់ ” ដោយមានការព្រមព្រៀងចុងក្រោយពីគណៈរដ្ឋមន្ត្រី។ ក្នុងនោះថវិការទាំងអស់នេះនឹងផ្ដល់ជាជំនួយសម្រាប់កសិករជាង ៩០០,០០០ នាក់ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតដោយក្នុងម្នាក់ទទួលបាន ១,០០០ បាត (៣០ ដុល្លារអាមេរិក) ហើយក៏ជាជំនួយសម្រាប់ការចំណាយទាក់ទង នឹងវិស័យទេសចរណ៍ ប្រាក់កម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងការដំឡើងប្រាក់ឧបត្ថម្ភធនប័ណ្ណសុខុមាលភាពរបស់រដ្ឋផងដែរ។
គួរបញ្ជាក់ផងដែរថានាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានសម្របសម្រួលកាវិនិយោគពីទីក្រុងប៉េកាំង សម្រាប់គំរោងដ៏សំខាន់នៃច្រករបៀងសេដ្ឋកិច្ចភាគខាងកើតដែលមានផែនការចំនួន ៤៥ ពាន់លានដុល្លារនៅទូទាំងខេត្តចំនួនបីនៅសមុទ្រភាគខាងកើត ស្របពេលដែលក្រុមអ្នករិះគន់បាននិយាយថាលោក កំពុងតែពឹងផ្អែកខ្លាំងលើប្រទេសចិនសម្រាប់ជំនួយនេះ៕

អត្ថបទ៖ លីនី


