ម៉ាឡេស៊ីឆ្នាំនេះមិនចាញ់វៀតណាមប៉ុន្មានទេ ដោយការវិនិយោគផ្ទាល់ពីបរទេសកើនឡើងដល់ ១៦០ ពាន់លានដុល្លារក្នុងត្រីមាសទី ២
សេដ្ឋកិច្ច August 16, 2019 Chan Sreyny

កូឡាឡាំពួរ៖ យោងតាមទិន្នន័យផ្លូវការដែលបង្ហាញនៅថ្ងៃនេះបានឱ្យដឹងថាជំហរវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងប្រទេសម៉ាឡេស៊ីបានកើនឡើងដល់ ៦៦៧,៥ ពាន់លានរីងហ្គីដ (ប្រហែល ១៦០ ពាន់លានដុល្លារអាមេរិក) នៅក្នុងត្រីមាសទ២ ពីចំនួន ៦៦២,៧ ពាន់លានរីងហ្គីដនៅក្នុងត្រីមាសទី១។ នាយកដ្ឋានស្ថិតិម៉ាឡេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សិង្ហបុរីនៅតែជាប្រភពវិនិយោគិនកំពូល ប៉ុន្តែតំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិនបានវ៉ាប្រទេសជប៉ុនក្នុងនាមជាអ្នកចូលរួមធំជាងគេទី២ ។

ក្នុងនោះការកើនឡើងនៃជំហរវិនិយោគផ្ទាល់បរទេសនេះត្រូវបានជំរុញដោយវិស័យផលិតកម្មដែលមានចំនួន ៣៩.៨% ដែលត្រូវបានអមដោយសកម្មភាពធានារ៉ាប់រងហិរញ្ញវត្ថុ និងធានារ៉ាប់រងអ៉ីស្លាមដែលមានចំនួន ២២.៣% វិស័យរុករករ៉ែ និងកន្លែងយកថ្មមាន ៧.២% ។

ជាមួយគ្នានេះជំហរវិនិយោគផ្ទាល់របស់ម៉ាឡេស៊ីនៅឯបរទេស (DIA) ក៏មានតម្លៃខ្ពស់ផងដែរគឺក្នុងចំនួន ៥០៩,៨ ពាន់លានរីងហ្គីដនៅក្នុងត្រីមាសទី២ បើប្រៀបធៀបជាមួយ ៤៨៦,២ ពាន់លានរីងហ្គីដនៅក្នុងត្រីមាសទី ១ ។ ដោយការវិនិយោគនេះភាគច្រើនត្រូវបានជំរុញដោយសកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រង ឬ សកម្មភាពធានារ៉ាប់រងអ៊ីស្លាមដែលមានចំនួន ៤១.៤% ។ បន្ទាប់មកគឺការធ្វើអាជីវកម្មរ៉ែ និងការជីកយករ៉ែ ១៧.២% និងវិស័យកសិកម្ម ៨.៣% ដោយទិសដៅធំបំផុតសម្រាប់ DIA គឺប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី និងប្រទេសអង់គ្លេស៕

អត្ថបទ៖ លីនី