មណ្ឌលកីឡាហែលទឹកខ្នាតអន្តរជាតិដ៏ធំមួយ នឹងមានវត្តមាននៅក្នុងខេត្តបាត់ដំបង ដើម្បីស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម (SEA GAME) ឆ្នាំ២០២៣ ខាងមុខនេះ ដែលកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះ
សេដ្ឋកិច្ច August 16, 2019 Chan Sreyny

កាលពីថ្ងៃទី១៤ កន្លងមកនេះឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង ស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

ការសាងសង់មណ្ឌលកីឡាហែលទឹកដ៏ធំមួយនេះក្នុងគោលបំណង សម្រាប់ការហ្វឹកហាត់ និងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ជាពិសេសការប្រកួតដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (SEA GAME) ឆ្នាំ២០២៣ ខាងមុខនេះ ដែលកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះ។ ចំពោះការរចនាប្លង់ មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបងនេះ គ្រោងនឹងសាងសង់ឡើងដោយយកគំរូប្លង់តាម “មណ្ឌលកីឡាហែលទឹកតេជោសែនខេត្តកំពង់ចាម” លើផ្ទៃដីទំហំ១១២ ម៉ែត្រ គុណនឹង ៦៥ ម៉ែត្រ ដោយចំណាយពេលសាងសង់ ២៤ខែ និងថវិកា ២.០០០.០០០ ដុល្លារ (ពីរលានដុល្លារសហរដ្ឋអាមេរិក)។

ក្នុងនោះផងដែរហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលត្រូវសាងសង់រួមមាន៖ អាងសម្រាប់ប្រកួត អាងលោតទឹក អាងហែលកម្តៅសាច់ដុំ ប៉មលោតទឹក និងអាងទឹកក្នុងដីសម្រាប់រក្សាតុល្យភាពទឹកអាងទាំងបី។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះមណ្ឌលកីឡាថ្មីនេះ ផ្ដល់នូវកន្លែងធំទូលាយសម្រាប់អ្នកទស្សនាដែលអាចផ្ទុកចំនួនមនុស្សរហូតដល់ ៤០០ នាក់ផងដែរ។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដោយសារប្រទេសមានសុខសន្តិភាព និងស្ថិរភាពនយោបាយ បានជំរុញឱ្យវិស័យកីឡាគ្រប់ប្រភេទរបស់កម្ពុជាមានការរីកច្រើនគួរឱ្យកត់សម្គាល់ កីឡាមិនត្រឹមតែនាំមកនូវសុខភាព មិត្តភាព និងការរីកចម្រើនវប្បធម៌ អរិយធម៌របស់ជាតិសាសន៍មួយប៉ុណ្ណោះទេ ប៉ុន្តែវាថែមជួយអភិវឌ្ឍ និងពង្រឹងសេដ្ឋកិច្ចជាតិផងដែរ តាមរយៈការទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនាកាន់តែច្រើនឡើង។

នាឱកាសនោះផងដែរសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ឱ្យបង្កើតក្លឹបកីឡាផ្សេងៗទៀតឱ្យបានច្រើនតាមដែលអាចធ្វើបានដូចជាកីឡាបាល់ទាត់ បាល់ទះ និងកីឡាប្រដាល់ជាដើម និងបានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ កីឡាករ កីឡាការិនី ជាពិសេសសិស្សនិស្សិតទាំងអស់ដែលមាននិស្ស័យនឹងកីឡាហែលទឹកចូលរួមហ្វឹកហាត់តាមក្រមវិន័យ និងដំបូន្មានរបស់គ្រូបង្វឹកដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានរឹង មាំ និងពេញលេញ សម្រាប់ត្រៀមប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសការប្រកួតពាន់រង្វាន់កីឡាស៊ីហ្គែមនៅឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទ៖ លីនី