ចាកាតា៖ ប្រទេសកាណាដានឹងផ្ដល់ថវិកាចំនួន ៦.៣២ លានដុល្លារសម្រាប់គម្រោង សម្លេង និងភាពជាអ្នកដឹកនាំរបស់ស្រ្តីចំនួនពីរ នៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលគាំទ្រដល់អង្គការថ្នាក់មូលដ្ឋានរបស់ស្រ្តី។ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅឥណ្ឌូនេស៊ី Peter MacArthur បានមានប្រសាសន៍ថា៖ «ការសំរេចបានសមភាពយេនឌ័រ គឺជាមធ្យោបាយដែលមានប្រសិទ្ធភាពបំផុតដើម្បីជំរុញភាពរុងរឿង បង្កើតសន្តិភាពយូរអង្វែងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងលើកកម្ពស់សិទ្ធិមនុស្ស។
យ៉ាងណាមិញក្នុងចំណោមថវិកាដែលត្រូវបានផ្ដល់ឱ្យត្រូវបានបែងចែកជាពីរដោយថវិកាជិត ១.៨ លានដុល្លារអាមេរិកនឹងផ្ដល់ទៅកាន់អង្គការ Yayasan Pemberdayaan PEKKA ខណៈដែល ៤.៤៣ លានដុល្លារទៀតផ្ដល់ទៅកាន់អង្គការ Hivos ។ ជាមួយគ្នានេះតាមរយៈការគាំទ្រដល់អង្គការទាំងពីរប្រទេសកាណាដាកំពុងបន្តចាត់វិធានការសំខាន់ៗ ដើម្បីពង្រឹងក្រុមស្ត្រីនៅថ្នាក់មូលដ្ឋានដែលយល់ពីបញ្ហាប្រឈមដែលស្ត្រីនិងក្មេងស្រីកំពុងប្រឈមមុខ ដើម្បីជួយប្រទេសឥណ្ឌូនេស៊ីឱ្យឈានដល់របៀបវារៈនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
គួរបញ្ជាក់ផងដែរថាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះប្រទេសកាណាដា បានសហការជាមួយប្រទេសឥណ្ឌូនេស៊ីក្នុងការជំរុញសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីដើម្បីបំពេញគោលដៅសេដ្ឋកិច្ច និងសង្គម។ ដោយបច្ចុប្បន្ននកម្មវិធីអភិវឌ្ឍន៍ទ្វេភាគីរបស់កាណាដានៅឥណ្ឌូណេស៊ីផ្តោតលើវិស័យចំនួន ៣ គឺសមភាពយេនឌ័រ ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងក្មេងស្រី ឱ្យកាន់តែប្រសើរឡើងតាមរយៈ ការផ្តួចផ្តើមគាំទ្រហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍជំនាញផ្អែកលើទីផ្សារ ការគ្រប់គ្រងធនធានធម្មជាតិ សហគ្រាសដឹកនាំដោយស្ត្រី និងសហគ្រាសកសិកម្មខ្នាតតូច ពាណិជ្ជកម្ម និងការវិនិយោគផងដែរ៕

អត្ថបទ៖ លីនី


