Jack Ma គឺជាស្ថាបនិក និងជាប្រធាននៃអ្នកត្រួសត្រាយពាណិជ្ជកម្មតាមអ៉ីនធឺណេតចិន Alibaba ដែលមានមូលធនទីផ្សារប្រហែល ៤២០ ពាន់លានដុល្លារ។ បច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់លោកមានចំនួន ៣៦,៥ ពាន់លានដុល្លារបើយោងតាម Forbes ។ សម្រាប់ជោគជ័យទាំងអស់ដែលខ្លួនទទួលបានមហាសេដ្ឋីរូបនេះ បានបង្ហើបថាគាត់មិនដឹងអ្វីដែលទាក់ទងនឹងជំនាញបច្ចេកទេស និងអាជីវកម្មទេ ដោយនៅក្នុងសន្និសីទ Viva Tech នៅក្នុងទីក្រុងប៉ារីសលោកបានលើកឡើងថា៖« ខ្ញុំមិនស្គាល់អ្វីសោះពីបច្ចេកវិទ្យា និងមិនដឹងពីទីផ្សារទេ ហើយក៏មិនដឹងពីអ្វីដែលជារបស់ស្របច្បាប់ដែរ »។
នៅពេលនិយាយពីភាពជោគជ័យ Jack Ma បានអះអាងថាមានតែគន្លឹះមួយប៉ុណ្ណោះដែលធ្វើឱ្យលោកទទួលបានជោគជ័យមកទល់សព្វថ្ងៃ គឺ លោកស្គាល់មនុស្សច្បាស់។ អ្វីគ្រប់យ៉ាងដែលលោកធ្វើក្នុងនាមជាស្ថាបនិកគឺ ធ្វើឱ្យអតិថិជនពេញចិត្ត បង្កើតក្រុមដែលល្អ ធ្វើឱ្យក្រុមរបស់គាត់សប្បាយចិត្ត ហើយគាត់នឹងសប្បាយចិត្តដូចគ្នា។ បើទោះបីជាគាត់ខ្វះជំនាញបច្ចេកវិទ្យាក៏ពិតមែន តែលោក Ma ធ្លាប់ធ្វើជាគ្រូបង្រៀន ក្នុងនាមជាគ្រូបង្រៀនតែងតែចង់ឱ្យសិស្សពូកែជាងខ្លួនឯង ហើយផលិតផលល្អបំផុតរបស់គ្រូបង្រៀនគឺជាសិស្សរបស់ខ្លួន ដូច្នេះជំនាញនោះបានជួយជំរុញទឹកចិត្ត និងលើកទឹកចិត្តដល់និយោជិករបស់គាត់ រហូតបាននាំភាពជោគជ័យយ៉ាងខ្លាំងសម្រាប់ក្រុមហ៊ុនរបស់គាត់។
នៅក្នុងការដឹកនាំក្រុមហ៊ុនមហាសេដ្ឋីរូបនេះបាននិយាយថា៖ « អ្នកត្រូវតែស្ដាប់ពួកគេ អ្នកត្រូវតែធ្វើអ្វីៗទាំងអស់ដើម្បីធ្វើឱ្យប្រាកដថាអ្នកអាចផ្តល់អំណាចដល់ពួកគេ អ្នកអាចធ្វើឱ្យពួកគេសម្រេចបានការងារជាក្រុមបន្ទាប់មកអ្នកអាចសហការគ្នាបាន នៅពេលអ្នកយកចិត្តទុកដាក់ដល់ក្រុមអ្នកកាន់តែច្រើន ក្រុមនឹងយកចិត្តទុកដាក់ចំពោះអ្នក ហើយក្រុមនឹងយកចិត្តទុកដាក់ចំពោះអតិថិជនរបស់ពួកគេ។ ហើយអតិថិជនជារឿងសំខាន់បំផុត នៅពេលដំបូងខ្ញុំនិយាយទៅកាន់ក្រុមរបស់ខ្ញុំ កុំធ្វើឱ្យខ្ញុំសប្បាយចិត្ត កុំស្រលាញ់ខ្ញុំ តែត្រូវធ្វើឱ្យអតិថិជនរបស់អ្នកសប្បាយចិត្តធ្វើឱ្យអតិថិជនរបស់អ្នកស្រឡាញ់អ្នក ហើយខ្ញុំនឹងស្រឡាញ់អ្នកគ្រប់ពេល »៕


អត្ថបទ៖ លីនី


