និទានខ្លី៖ នៅក្នុងទីក្រុងតូចមួយមានបុរសម្នាក់រស់នៅតែម្នាក់ឯង គាត់ជាមនុស្សពិការភ្នែក ប៉ុន្តែគ្រប់ពេលដែលគាត់ចេញទៅក្រៅនៅពេលយប់ គាត់តែងតែកាន់ចង្កៀងមួយដើម្បីបភ្លឺផ្លូវ។ យប់មួយគាត់បានចេញទៅញ៉ាំអាហារនៅខាងក្រៅ ខណៈពេលដែលគាត់ធ្វើដំណើរត្រលប់ទៅផ្ទះគាត់បានដើរកាត់ក្រុមក្មេងៗមួយក្រុម គ្រាន់តែឃើញគាត់ពិកាភ្នែក ហើយដើរកាន់ចង្កៀងនៅតាមផ្លូវ ក្រុមក្មេងៗនាំគ្នានិយាយគ្នាសើចចំអកឡកលើយដល់គាត់ បន្ទាប់មកក្មេងម្នាក់បានសួរទៅកាន់បុរសនោះ ” នែលោក! លោកជាមនុស្សពិការ មិនអាចមើលអ្វីឃើញផង ហើយកាន់ចង្កៀងបំភ្លឺផ្លូវធ្វើអី?” ។
គ្រាន់តែបានលឺដូច្នេះបុរសពិការភ្នែកឆ្លើយភ្លាមៗថា៖ “ត្រូវហើយ! វាជារឿងដែលគួរឱ្យសោកស្ដាយដែលខ្ញុំមិនអាចមើលឃើញអ្វីគ្រប់យ៉ាង ប៉ុន្តែចង្កៀងដែលខ្ញុំកាន់មួយនេះគឺសម្រាប់មនុស្សដែលអាចមើលឃើញដូចជាអ្នកជាដើម អ្នកអាចមើលមិនឃើញមនុស្សពិការ ហើយដើរបុកខ្ញុំ នេះហើយជាមូលហេតុដែលខ្ញុំកាន់ចង្កៀង “។ ក្រោយពីបានស្ដាប់ការឆ្លើយរបស់គាត់រួចក្មេងៗមួយក្រុមនោះមានអារម្មណ៍ថាខ្មាស់អៀន និងបានសុំទោសគាត់ចំពោះឥរិយាបទមិនល្អរបស់ពួកគេ។
ដំបូន្មាននៃរឿង៖ យើងគួរតែគិតមុននឹងវិនិច្ឆ័យលើអ្នកដទៃ ហើយត្រូវចេះគួរសម និងរៀនមើលអ្វីៗពីជ្រុងមួយទៀត ឬ ទស្សនៈផ្សេងៗទៀត៕

អត្ថបទ៖ លីនី


