ចិននឹងទប់ស្កាត់ការនាំចូលមាស ដោយសារតែសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកកាន់តែកើនឡើង
សេដ្ឋកិច្ច August 15, 2019 Chan Sreyny

ចាប់តាំងពីខែឧសភាប្រទេសចិនបានរឹតត្បិតការនាំចូលមាសយ៉ាងខ្លាំង ជាសកម្មភាពមួយជាគោលដៅទប់ស្កាត់លំហូរប្រាក់ដុល្លារ និងជំរុញរូបិយប័ណ្ណយ័នរបស់ខ្លួន ខណៈកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។ យោងតាមប្រភពដែលមិនអាចបញ្ចេញឈ្មោះមួយបានឱ្យដឹងថា ប្រទេសដែលមានសេដ្ឋកិច្ចជំជាងគេទី២ របស់ពិភពលោកនេះបានកាត់បន្ថយការនាំចេញប្រមាណ ៣០០ ទៅ ៥០០ តោន បើប្រៀបធៀបទៅនឹងឆ្នាំមុនដែលមានតម្លៃ ១៥ ទៅ ២៥ ពាន់លានដុល្លារនៅក្នុងតម្លៃបច្ចុប្បន្ន។

ការរឹតត្បិតនេះកើតឡើងដោយសារតែការប្រឈមមុខផ្នែកពាណិជ្ជកម្មដែលកំពុងកើនឡើងជាមួយសហរដ្ឋអាមេរិកបានធ្វើឱ្យល្បឿននៃកំណើនរបស់ចិនកើនឡើងយឺតបំផុតក្នុងរយៈពេលជិតបីទសវត្សរ៍ និងបានដាក់សម្ពាធប្រាក់យ័នដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០០៨ ។ ជាមួយគ្នានេះតួលេខគយរបស់ប្រទេសចិនបានបង្ហាញថា ក្នុងឆមាសទី១ ខ្លួនបាននាំចូលមាស ៥៧៥ តោនធ្លាក់ចុះពី ៨៨៣ តោនក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០១៨ ។ នៅក្នុងខែឧសភាប្រទេសចិនបាននាំចូលចំនួន ៧១ តោនធ្លាក់ចុះពី ១៥៧ តោនក្នុងខែឧសភាឆ្នាំ ២០១៨ មិនតែប៉ុណ្ណោះនៅក្នុងខែមិថុនាជាខែចុងក្រោយសម្រាប់ទិន្នន័យដែលអាចរកឃើញការធ្លាក់ចុះខ្លាំងជាងមុនដោយការនាំចេញចំនួន ៥៧ តោនបើធៀបនឹងចំនួន ១៩៩ តោនកាលពីខែមិថុនាឆ្នាំមុន។

គួរបញ្ជាក់ផងដែរថាប្រទេសចិនជាប្រទេសដែលនាំចូលមាសធំជាងគេបំផុតនៅលើពិភពលោក ដោយបានទិញមាសប្រហែល ១,៥០០ តោនមានតម្លៃប្រហែល ៦០ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន ស្មើនឹងមួយភាគបីនៃការផ្គត់ផ្គង់សរុបរបស់ពិភពលោក។ ភាគច្រើននៃការនាំចូលមកពីប្រទេសស្វីស អូស្រ្តាលី និងអាហ្រ្វិកខាងត្បូង ដោយតម្រូវការទាំងអស់សម្រាប់គ្រឿងអលង្ការ មាស និងកាក់ បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលពីរទស្សវត្សចុងក្រោយនេះ។ ក្នុងនោះទិន្នន័យជាផ្លូវការបានឱ្យដឹងថាទុនបំរុងមាសជាផ្លូវការរបស់ប្រទេសចិនបានកើនឡើង ៥ ដងដល់ជិត ២.០០០ តោន៕

អត្ថបទ៖ លីនី