សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីត្រូវបានគេរំពឹងថានឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចក្នុងត្រីមាសទី៣ នៃឆ្នាំ ២០១៩ ដោយសារការធ្លាក់ចុះនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននៅតែបន្តធ្វើឱ្យកំណើនប្រទេសនេះនៅក្នុងត្រីមាសទី២ មានត្រឹមតែ ៣.៣% ពោលគឺធ្លាក់ចុះពីឆមាសទី១ ដែលកំណើន ៣.៨% នៅក្នុងឆ្នាំនេះ។ តួលេខផលិតផលក្នុងស្រុកសរុប (GDP) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថ្មីៗនេះ បានបង្ហាញពីការធ្លាក់ចុះដ៏អាក្រក់បំផុតប្រចាំត្រីមាសសម្រាប់រយៈពេល ៧ ឆ្នាំ កន្លងមក។ ផ្អែកលើទិន្នន័យប្រចាំឆ្នាំគម្លាតពេលពីមួយឆ្នាំទីមួយឆ្នាំ សេដ្ខកិច្ចបានកើនឡើងត្រឹមតែ ០.១% ប៉ុណ្ណោះ ធ្លាក់ចុះពីចំនួន ១.១% កាលពីត្រីមាសទី១ ដែលជាអត្រាកំណើនទាបបំផុតចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ ២០០៨ ក្នុងនោះវិស័យដែលធ្លាក់ចុះខ្លាំងជាងគេបំផុតគឺ វិស័យផលិតកម្មដែលបានចុះកិច្ចសន្យា ធ្លាក់ចុះ ៣.១% និងពាណិជ្ជកម្មលក់ដុំ និងរាយធ្លាក់ចុះ៣.២%។
ទន្ទឹមនឹងនេះក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី (MIT) បានឱ្យដឹងថាការធ្លាក់ចុះនេះ មួយផ្នែកដោយសារតែការកើនឡើងនៃជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននៅក្នុងប៉ុន្មានខែថ្មីៗនេះ ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសចិនបានរាយការណ៍ពីកំណើនទាបបំផុតរបស់ខ្លួន ស្របគ្នានឹងការធ្លាក់ចុះរបស់សិង្ហបុរី។ មិនតែប៉ុណ្ណោះបញ្ហានេះអាចធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តអាជីវកម្ម និងអតិថិជនសកលដោយមានផលប៉ះពាល់អវិជ្ជមានដល់ពាណិជ្ជកម្មពិភពលោក និងកំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។ មួយវិញទៀតការកំណត់ពន្ធបន្ថែមដោយសហរដ្ឋអាមេរិក អាចនឹងធ្វើឱ្យការធ្លាក់ចុះយឺត ជាងគេការរំពឹងទុកនៃសេដ្ឋកិច្ចចិន ដែលអាចនាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំង នៃតម្រូវការនាំចូលរបស់ចិន និងជះឥទ្ធិពលអវិជ្ជមានដល់កំណើនក្នុងតំបន់។
ខណៈដែលទីផ្សារសំខាន់ៗកំពុងធ្លាក់ចុះប្រទេសចិននឹងមិននាំចូលរ៉ែធ្យូងថ្មច្រើនទេពីប្រទេសសិង្ហបុរី ហើយនឹងមានការរំខាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់គ្រឿងអេឡិចត្រូនិចជាពិសេសដែលនឹងនាំឱ្យមានតម្រូវការខ្សោយ។ ជាក់ស្ដែងការនាំចេញរ៉ែពីសិង្ហបុរីទៅប្រទេសចិនបានធ្លាក់ចុះ ១៥.៨% កាលពីខែមុនខណៈការនាំចេញទៅហុងកុងបានធ្លាក់ចុះ ៣៨.២% ដែលប៉ះពាល់ដល់សេដ្ឋកិច្ចសិង្ហបុរីយ៉ាងខ្លាំង ដោយសារតែប្រទេសនេះពឹងផ្អែកលើពាណិជ្ជកម្មដែលស្ថិតនៅលំដាប់ទី២ នេះបន្ទាប់ពីផលិតផលក្នុងស្រុក។ ដូច្នេះប្រសិនបើកំណើនប្រចាំត្រីមាសរបស់សិង្ហបុរីនៅតែមានភាពអវិជ្ជមានក្នុងត្រីមាសទី៣ នៃឆ្នាំនេះ ប្រទេសនេះនឹងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចដោយសារតែការនាំចេញ និងនាំចូលបង្ហាញនូវកំណើនធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែមិថុនាឆ្នាំនេះក្នុងរយៈពេល ៦ ឆ្នាំកន្លងមកពោលគឺធ្លាក់ចុះ ១៧.៣%៕

អត្ថបទ៖ លីនី


