ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃបានកើនឡើងជាលំដាប់ក្នុងឆមាសទីមួយនៃឆ្នាំ២០១៩ នេះបើយោងតាមរបាយការណ៍ពីក្រុមប្រឹក្សាធុរកិច្ចថៃនៅកម្ពុជា (TBCC) ។ ពីមួយឆ្នាំទៅមួយឆ្នាំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ៧% ក្នុងឆមាសទី១ នៃឆ្នានេះដែលឈានដល់ប្រមាណ ៤,១ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះផងដែរការនាំចេញរបស់កម្ពុជាទីកាន់ប្រទេសជិតខាងចាប់ពីខែមករា ដល់ខែមិថុនាមានចំនួន ៦៨៥ លានដុល្លារពោលគឺកើនឡើង ៥២% ដោយឡែកការនាំចូលពីប្រទេសថៃបានកើនឡើងត្រឹមតែ ១% ប៉ុណ្ណោះដែលឈានដល់ចំនួន ៣,៤ ពាន់លានដុល្លារ។
ជាមួយគ្នានេះដែរប្រទេសកម្ពុជាបាននាំចេញផលិតផលកសិកម្មសំខាន់ៗដូចជា ពោត ដំឡូងមី និងសណ្ដែកសៀង ខណៈដែលប្រទេសបាននាំចូលគ្រឿងម៉ាស៊ីន ឧបករណ៍អេឡិចត្រូនិច ប្រេងឥន្ធនៈ សំភារៈសំណង់ គ្រឿងសំអាង និងគ្រឿងប្រើប្រាស់ក្នុងផ្ទះពីប្រទេសថៃ។ ដោយសារតែបានឃើញពីកំណើននេះ ប្រទេសទាំងពីរបានសន្យាជាច្រើនលើកច្រើនសារក្នុងការបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ១៥ ពាន់លានដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ ២០២០ តែហាក់ដូចជាមិនអាចសម្រេចបាននោះទេ ដោយចាប់តាំងពីឆ្នាំមុនពាណិជ្ជកម្មមានចំនួនតិចជាង ៨,៥ ពាន់លានដុល្លារ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក សៀង ថៃ បានឱ្យដឹងថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគីប្រមាណ ៣០% ក្នុងមួយឆ្នាំ ដោយសារតែកម្ពុជា និងថៃមិនអាចទៅដល់គោលដៅដែលបានកំណត់នៅឆ្នាំក្រោយនោះទេ បើទោះបីជាពាណិជ្ជកម្មទ្វេភាគីមានការរីកចម្រើនយ៉ាងឆាប់ហ័សក៏ដោយ។ បន្ថែមពីនេះលោកបានបន្តថា បន្ទាប់ពីពាណិជ្ជកម្មបានកើនឡើងប្រហែល ៣៥.៥% កាលពីឆ្នាំ ២០១៨ ធ្វើឱ្យក្រសួងរំពឹងថាការផ្លាស់ប្ដូរទំនិញនឹងអាចឈានដល់តម្លៃ ៩ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០១៩ នេះដោយកម្ពុជានឹងជំរុញឱ្យអាជ្ញាធរថៃបង្កើនកិច្ចខិតខំប្រឹប្រែងដើម្បីសម្រួលដល់ការនាំចេញទំនិញកសិកម្ម ដែលឈានចូលទីផ្សារថៃកន្លងមកក្នុងកម្រិតតិចតួច ឱ្យកាន់តែប្រសើរឡើងជាងមុន។
គួររំលឹកផងដែរថាកាលពីឆ្នាំមុនប្រទេសទាំងពីរបានចុះហត្ថលេខាលើ “ យុទ្ធសាស្ត្រកំណើននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចខេត្តជាប់ព្រំដែន ” ដើម្បីស្វែងរកការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគនៅតាមព្រំដែន។ ខណៈដែលពាណិជ្ជករថៃកាន់តែច្រើនឡើងៗ កំពុងបង្កើតរោងចក្រនៅកម្ពុជា ដោយសារតែកំណើនសេដ្ឋកិច្ចរឹងមាំ និងស្ថេរភាពនយោបាយវិនិយោគិនថៃបានចាប់ផ្តើមសាងសង់រោងចក្រនៅខាងក្នុងប្រទេសកម្ពុជាជាជាងនាំចេញពីប្រទេសថៃ៕

អត្ថបទ៖ លីនី


