ប្រទេសវៀតណាមបានរក្សាជំហររបស់ខ្លួនជាទីផ្សារម៉ូតូធំជាងគេទី៤ របស់ពិភពលោក បើទោះបីជាមានការធ្លាក់ចុះទ្វេដងក្នុងការលក់នៅខែមិថុនាក៏ដោយ នេះបើយោងតាមគេហទំព័រ motorcyclesdata.com ដែលតាមដានការលក់ម៉ូតូនៅជុំវិញពិភពលោក។ តាមការដកស្រង់តួលេខរបស់ក្រសួងដឹកជញ្ជូនវៀតណាមបានបង្ហាញថាចំនួនម៉ូតូ ២២៤,៣៣៧ គ្រឿងត្រូវបានលក់នៅក្នុងខែមិថុនាពោលគឺធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងចំនួន ១០.៧%។
នៅក្នុងឆមាសទី១ នៃឆ្នាំ២០១៩ នេះទីផ្សារម៉ូតូនៅប្រទេសវៀតណាមបានធ្លាក់ចុះ ៥.៣% ដោយការលក់មានចំនួនជិត១,៥ លានគ្រឿង ដោយក្នុងនោះក្រុមហ៊ុន Honda ដែលឈានមុខគេនៅលើទីផ្សារនៅតែមានស្ថេរភាព ខណៈដែលក្រុមហ៊ុនផលិតផ្សេងទៀតបង្ហាញពីការធ្លាក់ចុះដូចជាក្រុមហ៊ុន Yamaha ធ្លាក់ចុះ ២០% ស្របពេលដែលក្រុមហ៊ុនផលិតក្នុងស្រុកថ្មី VinFast ក៏ត្រូវបានចូលមកទៅកាន់ទីផ្សារកាលពីពេលថ្មីៗនេះដែរ។
ទោះជាយ៉ាងណាក៏ដោយប្រទេសវៀតណាមនៅតែជាចង្កោមផលិតកម្មដែលប្រមូលផ្ដុំដោយយីហោល្បីៗដូចជា Honda, Suzuki, Yamaha, SYM និង Piaggio ដែលមានចំនែកជាង ៩៧%នៃចំណែកទីផ្សារ។ បន្ថែមពីនេះចក្ខុវិស័យសម្រាប់ទីផ្សារក្នុងស្រុកក្នុងឆ្នាំ ២០១៩ នៅតែមានលក្ខណៈវិជ្ជមាន ដោយសារសេដ្ឋកិច្ច នឹងការរក្សាសន្ទុះ ហើយអ្នកជំនាញរំពឹងថានឹងមានកំណើនពី ៣% ទៅ ៥% ផងដែរ។ ជាមួយនឹងតួលេខវិជ្ជមានធ្វើឱ្យវៀតណាមឈរនៅលំដាប់ទី៤ ពីក្រោយប្រទេសឥណ្ឌា ចិន និងឥណ្ឌុនេស៊ី ទាក់ទងនឹងការលក់ម៉ូតូ៕

អត្ថបទ៖ លីនី


