ផលិតកម្មប្រេងរបស់ឥណ្ឌូនេស៊ីនឹងឡើងដល់ ៧៥៥,០០០ បារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការថាមពលក្នុងស្រុកដែលកំពុងតែកើនឡើង
សេដ្ឋកិច្ច August 14, 2019 Chan Sreyny

ចាកាតា៖ ផលិតកម្មប្រេងរបស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានគេប៉ាន់ស្មានថានឹងឈានដល់ ៧៥៥,០០០ បារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំនេះ ខណៈដែលប្រទេសបានព្យាយាមជំរុញការខិតខំប្រឹងប្រែងរុករកប្រេង និង ហ្គាស។ យោងតាមលោក Fatar Yani Abdurrahman អនុប្រធានក្រមហ៊ុន SKK Migas បានឱ្យដឹងថាចំនួនដែលអាចសម្រេចបាននេះ គឺស្ថិតនៅក្រោមគោលដៅរបស់ប្រទេសដែលចាត់ចែងក្នុងការអភិវឌ្ឍន៏ធនធាន។

ជាមួយគ្នានេះដែរប្រភពដដែលបានបន្តថា ការសម្រេចគោលដៅពិតជារឿងដែលពិបាក ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក្រុមហ៊ុននៅតែផ្ដល់កំលាំងចិត្ត ដល់ដៃគូសហប្រតិបត្តិការដែលបានចុះកិច្ចសន្យា (KKKS) ដើម្បីស្វែងរកប្រភពប្រេងថ្មីៗ នៅទូទាំងប្រជុំកោះដ៏ធំល្វឹងល្វើយនេះ។យ៉ាងណាមិញ នៅក្នុងឆ្នាំនេះចំពោះការបង្កើនការផលិតប្រេងមិនអាចសម្រេចបានគោលដៅនោះទេ តែក្រុមហ៊ុននឹងខិតខំដើម្បីឈានដល់ការសម្រេចបានកំណើនប្រេងនៅកម្រិតពី ៩៧​% ទៅ ៩៨% នៃគោលដៅក្នុងឆ្នាំនេះ ហើយនឹងបន្តជំរុញទិន្នផលស្វែងរកប្រភពផ្សេងទៀតគ្រប់ទីកន្លែងដែលមានប្រេង។

គួរបញ្ជាក់ផងដែរថាផលិតកម្មប្រេងឆៅរបស់ឥណ្ឌូនេស៊ីបានឡើងដល់ ១,៧ លានបារ៉ែលក្នុងមួយថ្ងៃនៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៩០ តែដោយសារតែអណ្តូងចាស់ និងកង្វះធនធានបម្រុងថ្មីៗក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះបានបង្រួមផលិតកម្មប្រហែលពាក់កណ្តាលដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសនាំចូលប្រេងសុទ្ធ។ ដូច្នេះដើម្បីកាត់បន្ថយការធ្លាក់ចុះនៃផលិតកម្មប្រេងរដ្ឋាភិបាលបានព្យាយាមទប់ស្កាត់ឧបសគ្គនៅក្នុងឧស្សាហកម្មប្រេង និងឧស្ម័នរបស់ប្រទេស រួមទាំងការដកវិធានមួយចំនួន និងការិយាធិបតេយ្យមិនល្អ ដែលបានកាត់បន្ថយកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញការវិនិយោគនៅក្នុងវិស័យនេះ។

បន្ថែមពីនេះបច្ចុប្បន្នប្រទេសឥណ្ឌូនេស៊ីបាននឹងកំពុងបង្កើនគោលដៅបង្កើនផលិតកម្មរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការថាមពលក្នុងស្រុកដែលកំពុងតែកើនឡើងផងដែរ។ ហើយប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ត្រូវបានគេប៉ាន់ស្មានថានឹងមានកំណើនសេដ្ឋកិច្ចខ្ពស់ ៥.១៧% នៅឆ្នាំនេះ ខណៈដែលឆ្នាំមុនមានត្រឹមតែ ៥.៣%៕​

អត្ថបទ៖ លីនី​