បុរសពីរនាក់ដែលជាមិត្តភក្តិល្អនឹងគ្នាបានធ្វើដំណើរនៅលើវាលខ្សាច់ នៅក្នុងអំឡុងពេលធ្វើដំណើរមានពេលខ្លះពួកគេទាំងពីរឈ្លោះប្រកែកគ្នា ហើយមិត្តម្នាក់បានទះកំផ្លៀងមិត្តម្នាក់ទៀត។ អ្នកដែលត្រូវបានគេទះកំផ្លៀងមានអារម្មណ៍ឈឺចាប់ណាស់ ផ្ទុយទៅវិញគេមិននិយាយអ្វីទាំងអស់ តែជំនួសដោយការសរសេរនៅលើខ្សាច់ថា ” ថ្ងៃនេះមិត្តល្អរបស់ខ្ញុំបានទះកំផ្លៀងខ្ញុំ “។
បន្ទាប់ពីកើតរឿងឈ្លោះប្រកែកគ្នា ពួកគេទាំងពីរនៅតែបន្តដំណើររហូតដល់បានឃើញតំបន់ដែលមានទឹកមួយកន្លែង ភ្លាមនោះពួកគេក៏សម្រេចចិត្តងូតទឹកសម្អាតខ្លួន។ នៅពេលកំពុងងូតទឹកអ្នកដែលត្រូវគេទះកំផ្លៀងបានជាប់នៅក្នុងភក់ ហើយចាប់ផ្ដើមលង់ទឹក ប៉ុន្តែមិត្តរបស់គាត់បានជួយគាត់ បន្ទាប់ពីរួចផុតពីគ្រោះថ្នាក់គាត់បានសរសេរនៅលើថ្មមួយថា “ ថ្ងៃនេះមិត្តល្អរបស់ខ្ញុំបានជួយសង្គ្រោះជីវិតខ្ញុំ “។ គ្រានោះមិត្តដែលបានទះកំភ្លៀង និងជួយសង្រ្គោះមិត្តល្អបំផុតរបស់គាត់បានសួរគាត់ថា៖
“បន្ទាប់ពីខ្ញុំធ្វើបាបអ្នក អ្នកបានសរសេរនៅលើដីខ្សាច់ហើយឥឡូវនេះអ្នកសរសេរលើថ្មហេតុអ្វីទៅ?”
រំពេចនោះមិត្តម្នាក់ទៀតបានឆ្លើយតប “នៅពេលដែលនរណាម្នាក់ធ្វើបាបយើង យើងគួរសរសេរនៅលើវាខ្សាច់ ដែលខ្យល់នៃការអត់ទោសអាចលុបវាចោលបាន ប៉ុន្តែនៅពេលនរណាម្នាក់ធ្វើអ្វីមួយល្អសម្រាប់យើង យើងត្រូវឆ្លាក់វានៅលើដុំថ្មព្រោះគ្មានខ្យល់ណាដែលអាចលុបវាចេញបាន”។
តម្លៃអប់រំនៃរឿង៖ កុំឱ្យតម្លៃទៅលើរបស់របរដែលអ្នកមានក្នុងជីវិត ប៉ុន្តែឱ្យតម្លៃមនុស្សដែលអ្នកមាននៅក្នុងជីវិតរបស់អ្នក៕


អត្ថបទ៖ លីនី


