ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អែលឌីន ហូសៃនី បីន ម៉ូហាម៉េត ហាសស៊ីម (Eldeen Husaini Bin Mohd Hashim) ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ដើម្បីពិភាក្សាលើការងារសហការក្នុងការបង្កើតរោងចក្រផលិតលីបកង់ និងគ្រឿងបង្គុំដទៃទៀត សម្រាប់ផ្គត់ផ្គង់ក្នុងវិស័យផលិតទោចក្រយាននៅកម្ពុជា ជាកិច្ចសម្រួលដល់ខ្សែច្រវាក់ផលិតកម្ម ក៏ដូចជាបង្កើតជាផលសរុបក្នុងតំបន់ ក្រោមវិធានប្រភពកំណើតទំនិញ។
បន្ថែមពីនេះនៅក្នុងជំនួបពិភាក្សានេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹកឡើងវិញនូវប្រសាសន៍របស់ថ្នាក់ដឹកនាំអាស៊ានលើការជំរុញពាណិជ្ជកម្មក្នុងតំបន់អាស៊ានឲ្យកើនឡើងបន្ថែមទៀតផងដែរ។ ជាកិច្ចឆ្លើយតប ឯកឧត្តមអគ្គរាជទូត ឯកភាពទាំងស្រុងជាមួយប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ហើយនឹងពាំនាំប្រសាសន៍ទាំងនោះជូនទៅស្ថាប័នរបស់ម៉ាឡេស៊ីបន្តទៀត ដោយឯកឧត្តមបន្តបានលើកឡើងថា ការពង្រីកទំហំពាណិជ្ជកម្មក្នុងតំបន់អាស៊ានពិតជាមានសារៈសំខាន់សម្រាប់សមាជិកអាស៊ានទាំងអស់។
សូមបញ្ជាក់ផងដែរថាលើប្រធានបទពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដល់ធាតុចូលបន្ថែម ដោយចង្អុលបង្ហាញវិស័យទេសចរណ៍ជាវិស័យមានសក្ដានុពលមួយ ព្រមទាំងស្នើសុំឲ្យសហគមន៍ធុរកិច្ចកម្ពុជា និងម៉ាឡេស៊ី ពិនិត្យលទ្ធភាពក្នុងការចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំងពីរ៕



អត្ថបទ៖ លីនី


