ស្រីលង្កាកំណត់គោលដៅ ៣,៥ ពាន់លានដុល្លារតាមរយៈការនាំចេញតែនៅឆ្នាំ ២០៣០
សេដ្ឋកិច្ច August 13, 2019 Chan Sreyny

ប្រទេសស្រីលង្កាកំពុងកំណត់គោលដៅ ៣,៥ ពាន់លានដុល្លារអាមេរិកតាមរយៈការនាំចេញតែរបស់ខ្លួននៅឆ្នាំ ២០៣០ និងផលិតកម្មតែ ៣៥០ លានគីឡូក្រាម នេះបើយោងតាមសម្តីសមាគមពាណិជ្ជករតែនៅតំបន់កូឡុំបូដែលដកស្រង់ដោយសារព័ត៌មានក្នុងស្រុក។ លោក Michael de Soyza អតីតប្រធានសមាគមពាណិជ្ជករតែកូឡុំបូ (CTTA) ថ្លែងក្នុងពិធីគម្រប់ខួប ១២៥ ឆ្នាំនៃសមាគមឧស្សាហកម្មតែ នៅទីក្រុងកូឡំបូថា ដោយសារតែក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការនាំចេញ និងការផលិតនៅតែដដែល មិនមានការកើនឡើង អ្នកជំនាញតែនៅតំបន់នេះបានចាប់ផ្តើមផ្តួចផ្តើមគំនិតក្នុងការបង្កើនការនាំចេញ និងផលិតកម្មដំណាំតែបន្ថែម។

ស្ថិតិផ្លូវការពីរដ្ឋាភិបាលបានបង្ហាញថាផលិតកម្មតែរបស់ប្រទេសស្រីលង្កានៅស្ថិតក្នុងចំនួនដដែលប្រមាណ ៣០០ លានគីឡូក្រាមក្នុងរយៈពេល ២ ទសវត្សចុងក្រោយនេះ ដោយសារតែទំហំដីដាំដុះដំណាំតែនៅប្រទេសនេះមិនមានការពង្រីក បន្ទាប់ពីកើនឡើងខ្ពស់បំផុតក្នុងឆ្នាំ ២០១៣ ដែលចំនួន ៣៤០ លានគីឡូក្រាម។ ទន្ទឹមនឹងនេះនៅក្នុងឆ្នាំ ២០១៨ ផលិតកម្មតែមានចំនួន ៣០៣,៨ លានគីឡូក្រាម ពោលគឺធ្លាក់ចុះបើធៀបនឹងឆ្នាំ ២១០៧ មានចំនួន ៣០៧,១ លានគីឡូក្រាម។ យ៉ាងណាមិញនៅក្នុងឆមាសទីមួយនៃឆ្នាំនេះបានឈានដល់កម្រិតខ្ពស់បំផុតគឺ ១២១,៨ ពាន់លានរូពី (៦៨២ លានដុល្លារអាមេរិក) កើនឡើង ៧%​ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដូច្នេះការដាក់ចេញគោលដៅសម្រាប់ឆ្នាំ ២០៣០ នឹងបង្កើតមាគ៌ាយុទ្ធសាស្ត្រសម្រាប់អនាគតឧស្សាហកម្មតែរបស់ប្រទេសស្រីលង្កា៕

អត្ថបទ៖ លីនី