បាងកកក្លាយជាទីក្រុងដែលមានតម្លៃថ្លៃជាងគេលំដាប់ទី២ នៅក្នុងការរស់នៅ បន្ទាប់ពីប្រទេសសិង្ហបុរី
សេដ្ឋកិច្ច August 13, 2019 Chan Sreyny

យោងតាមទិន្នន័យ Numbeo ដែលជាមូលដ្ឋានទិន្នន័យធំជាងគេបង្អស់ ដោយមានទិន្នន័យរួមពីប្រជាជននៅលើពិភពលោក បានរាយការណ៍អំពីបញ្ជីឈ្មោះទីក្រុងនានាក្នុងតំបន់អាស៊ានដែលមានតម្លៃខ្ពស់បំផុតក្នុងការរស់នៅសម្រាប់ឆ្នាំ ២០១៩ នេះ។ ក្នុងនោះទីក្រុងបាងកកបានក្លាយជាទីក្រុងដែលមានការរស់នៅថ្លៃបំផុតលំដាប់ទី២ ក្នុងតំបន់អាស៊ានបន្ទាប់ពីប្រទេសសិង្ហបុរី ដោយភូកេត ប៉ាតាយ៉ា និងឈៀងម៉ៃក៏បានឈានជើងចូលក្នុងបញ្ជីទីក្រុងទាំង ១០ ដែលមានការរស់នៅថ្លៃជាងគេបំផុតនៅក្នុងអាស៊ានផងដែរ។

កាលពីដើមឡើយប្រទេសថៃត្រូវបានគេស្គាល់ដោយសារម្ហូប និងការចំណាយសម្រាប់ការរស់នៅដែលមានតម្លៃថោក ប៉ុន្តែសព្វថ្ងៃនេះវាមិនពិតទេនៅក្នុងទីក្រុងបាងកក។ តម្លៃជាមធ្យមនៃការរស់នៅសម្រាប់មនុស្សម្នាក់នៅទីក្រុងបាងកកមានចំនួន ២១,០០០ បាត ដោយមិនរាប់បញ្ចូលថ្លៃជួលផ្ទះ ហើយសម្រាប់គ្រួសារមួយដែលមានសមាជិក ៤ នាក់រស់នៅក្នុងទីក្រុងបាងកកជាមធ្យមមានចំនួន ៧៥,៨០០បាត ដោយមិនរាប់បញ្ចូលតម្លៃជួលផ្ទះដូចគ្នា ដូច្នេះអាចបញ្ជាក់ថាតម្លៃនៃការរស់នៅក្នុងទីក្រុងបាងកកគឺខ្ពស់ជាងគេលំដាប់ទី ២ នៅក្នុងអាស៊ាន៕

អត្ថបទ៖ លីនី