ភីលីពីន៖ កាលពីពេលថ្មីៗនេះអាជ្ញាធរស្ថិតិភីលីពីន (PSA) បានបង្ហាញថាទន្និផលក្នុងស្រុកបានធ្លាក់ចុះដល់ ៥.៥% នៅក្នុងត្រីមាសទី២ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ៤ ឆ្នាំកន្លងមក។ ចំពោះការធ្លាក់ចុះនេះលេខាធិការគំរោងផែនការសេដ្ឋកិច្ចលោក Ernesto Pernia បានបន្ទោសលើការពន្យាពេលក្នុងការអនុម័តថវិការបស់រដ្ឋាភិបាលនៅឆ្នាំនេះ និងការហាមឃាត់ការបោះឆ្នោតដែលធ្វើឱ្យសេដ្ឋកិច្ចប្រែជាធ្លាក់ចុះ។
យោងតាម PSA បានឱ្យដឹងថាកត្តាជំរុញសំខាន់នៃកំណើនសម្រាប់ត្រីមាសនេះគឺពាណិជ្ជកម្មដូចជា ការជួសជុលយានយន្ត ម៉ូតូ ទំនិញក្នុងស្រុក ផលិតកម្ម និងសេវាកម្មផ្សេងៗទៀត។ ជាមួយគ្នានេះដែរក្នុងចំណោមវិស័យសេដ្ឋកិច្ចសំខាន់ៗ ផ្នែកសេវាកម្មបានកត់សំគាល់នូវការកើនឡើងយ៉ាងលឿនបំផុតរហូត ៧.១% ខណៈឧស្សាហកម្មបានចុះបញ្ជីកំណើន ៣.៧% កសិកម្មព្រៃឈើរុក្ខប្រម៉ាញ់ និងនេសាទបានកើនឡើង ០.៦% ត្រឹមតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថាកំណើនចាប់ពីខែមេសារហូតដល់មិថុនា គឺជាកំណើនទាបបំផុតរបស់ហ្វីលីពីនក្នុងរយៈពេល ១៧ ត្រីមាស ដែលមានន័យថាប្រទេសនេះនឹងត្រូវកើនឡើងជាមធ្យមយ៉ាងហោចណាស់ ៦.៤% នៅក្នុងឆមាសទី២ ដើម្បីឈានដល់ការសម្រេចបានគោលដៅ ៦ ទៅ ៧ % នៅក្នុងឆ្នាំ២០១៩ នេះ។ បន្ថែមពីនេះបាតុភូត El Nino ដែលទើបនឹងកើតឡើងកាលពីពេលថ្មីៗក៏បានចូលរួមចំណែកធ្វើឲ្យទិន្នផលធ្លាក់ចុះផងដែរ ដោយសារតែផលប៉ះពាល់ទៅលើដំណាំស្រូវ និងពោត ហើយការផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ និងធ្ងន់ធ្ងរនៅក្នុងទីក្រុង ម៉ានីល ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់បណ្តាលឱ្យមានការធ្លាក់ចុះនៃការប្រើប្រាស់ក្នុងតំបន់ឈានដល់ ៥.៦% នៅត្រីមាសទី២ បើប្រៀបធៀបនឹងត្រីមាសទី១ មាន ៦.២%៕

អត្ថបទ៖ លីនី


