ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី១២ សីហា ឆ្នាំ២០១៩ កន្លងទៅនេះប្រធានក្រុមហ៊ុន Yunnan ចិន បានចូលជួបពិភាក្សាជាមួយឯឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដើម្បីពិភាក្សាស្នើសុំការវិនិយោគ លើប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ខណៈដែលបច្ចុប្បន្នខេត្តកំពង់រងគ្រោះទឹកជំនន់ដែលបង្កដោយទឹកភ្លៀង និងគ្មានប្រព័ន្ធលូបង្ហូរចេញគ្រប់គ្រាន់។
ក្នុងនោះលោក Lu Guo Bing អគ្គនាយកក្រុមហ៊ុន Yunnan ចិន មានប្រសាសន៍ថា ក្រុមហ៊ុនមានគោលបំណងវិនិយោគលើប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ស្របពេលដែលខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន ទាមទារនូវហេដ្ឋារចនាសម្ពន្ធជាច្រើន ពិសេសប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ ដើម្បីលើកកម្ពស់សោភណ័ភាព បរិស្ថានទីក្រុងពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ។
គួររំលឹកផងដែរថាកាលពីឆ្នាំ ២០១៣ ក្រុមហ៊ុនបានមកសិក្សានូវប្រព័ន្ធលូទាំងពីរប្រភេទនេះរួចមកហើយ ប៉ុន្តែមិនបានស៊ីជម្រៅ និងលម្អិតនោះទេ ដោយឡែកប្រសិនបើរដ្ឋបាលខេត្តអនុញ្ញាត ក្រុមហ៊ុននឹងសិក្សាប្លង់លម្អិត ដើម្បីដាក់ជូនរដ្ឋបាលខេត្តធ្វើការត្រួតពិនិត្យ។ យ៉ាងណាមិញអភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន បានស្វាគមន៍ចំពោះគម្រោងនេះ ដោយស្នើឱ្យក្រុមហ៊ុនចុះសិក្សា ហើយរៀបចំផែនការ និងគម្រោងប្លង់គោលថាតើ មានប្រព័ន្ធលូទឹកភ្លៀងប៉ុន្មានគីឡូម៉ែត្រ លូទឹកកខ្វក់ប៉ុន្មានគីឡូម៉ែត្រ ទំហំលូ មុខកាត់ប៉ុន្មានម៉ែត្រ ស្ថានីយចម្រោះប៉ុន្មានកន្លែង បំពាក់ម៉ាស៊ីនក្នុងអាងចម្រោះ ហើយការសាងសង់រយះពេលប៉ុន្មានខែ ឆ្នាំ និងតម្លៃ ដើម្បីរដ្ឋបាលខេត្តដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ វាយតម្លៃ និងអនុម័ត៕




អត្ថបទ៖ លីនី


