ស្ដេចមួយអង្គតែងប្រាថ្នាចង់បានរូបគំនូរដ៏ស្រស់ស្អាត បើទោះបីជារាងកាយរបស់ទ្រង់មិនគ្រប់លក្ខណៈ ប៉ុន្តែនៅថ្ងៃមួយអ្វីដែលទ្រង់ចង់បានក្លាយជាការពិតដោយសារតែភាពឆ្លាតវៃដ៏មិនគួរឱ្យជឿរបស់វិចិត្រករម្នាក់
គំនិតអប់រំ August 12, 2019 Chan Sreyny

កាលពីដើមឡើយនៅក្នុងអាណាចក្រមួយដែលពោរពេញដោយភាពរុងរឿង មនុស្សម្នាគ្រប់គ្នារស់នៅប្រកបដោយសេចក្ដីសុខ ក្រោមការគ្រប់គ្រងដោយស្ដេចមួយអង្គដែលមានត្រឹមតែជើង និងភ្នែកម្ខាងតែប៉ុណ្ណោះ​ តែទ្រង់មានភាពវាងវៃ និងសប្បុរស។ នៅថ្ងៃមួយព្រះរាជាកំពុងដើរកាត់សាលរាជវាំងហើយបានឃើញរូបគំនូរដូនតារបស់ព្រះអង្គ ភ្លាមនោះទ្រង់បានគិតថានៅថ្ងៃណាមួយកូនៗ របស់ខ្លួននឹងដើរតាមផ្លូវនេះតែមួយហើយចងចាំបុព្វបុរសទាំងអស់តាមរយៈរូបគំនូរទាំងនេះ។

ប៉ុន្តែដោយសារតែពិការភាពរាងកាយ ធ្វើឱ្យទ្រង់មិនមានរូបគំនូរមួយជំហរខ្លួននោះទេ ហើយទ្រង់ក៏មិនប្រាកដថាតើគំនូររបស់ខ្លួននឹងទៅជាយ៉ាងណានោះដែរ។ ដូច្នេះទ្រង់បានអញ្ជើញវិចិត្រករល្បីៗជាច្រើនរូបពីក្នុងនគរ​ និងនគរផ្សេងទៀតមកចូលគាល់នៅក្នុងសាលកាត់ក្ដី។ បន្ទាប់មកព្រះរាជាបានប្រកាសថាព្រះអង្គចង់មានរូបគំនូររបស់ខ្លួនឯងដែលស្រស់ស្អាតមួយ ដើម្បីដាក់តាំងនៅក្នុងរាជវាំង ដោយវិចិត្រករណាម្នាក់ដែលគិតថាខ្លួនមានសមត្ថភាពត្រូវឈានទៅមុខ ហើយវិចិត្រករនឹងទទួលបានរង្វាន់ដោយផ្អែកលើរបៀបនៃការគូរគំនូររបស់ពួកគេ។

ក្រោយពីបានលឺដូច្នេះវិចិត្រករទាំងអស់ចាប់ផ្តើមគិតថាស្តេចមានតែជើងម្ខាងនិងភ្នែកម្ខាងប៉ុណ្ណោះ តើរូបភាពរបស់ទ្រង់ដែកគូរចេញមកអាចស្រស់ស្អាតបានយ៉ាងដូចម្តេច? វាមិនអាចទៅរួចទេហើយប្រសិនបើរូបភាពមិនប្រែទៅជាស្រស់ស្អាតនោះ ព្រះមហាក្សត្រនឹងខឹងហើយដាក់ទណ្ឌកម្មពួកគេ។ ដូច្នេះវិចិត្រករទាំងអស់ចាប់ផ្តើមដោះសារម្ដងម្នាក់ៗ ហើយបានបដិសេធក្នុងការគូររូបស្តេច។ ប៉ុន្តែភ្លាមៗនោះវិចិត្រករម្នាក់បានសម្រេចចិត្តគូររូបរបស់ស្ដេច ដោយសន្យាថាជារូបគំនូរដែលស្អាត ហើយស្ដេចនឹងចូលចិត្ត។

ខណៈពេលនោះព្រះរាជាត្រេកអរយ៉ាងខ្លាំង ព្រមជាមួយវិចិត្រករដទៃទៀតក៏ចង់ឃើញពីការគូរគំនូរនោះដែរ ដូច្នេះស្ដេចបានអនុញ្ញាតឱ្យវិចិត្រករបានចាប់ផ្តើមគូររូប បន្ទាប់មកគាត់បានបំពេញគំនូរដោយលាបពណ៌ ទីបំផុតបន្ទាប់ពីចំណាយពេលយ៉ាងយូរ ការគូរក៏បានរួចរាល់។ ស្របពេលនោះអ្នកនៅក្នុងវាំងទាំងអស់ និងវិចិត្រករផ្សេងៗទៀតគឺជាអ្នកដែលចង់ដឹង ចង់ឃើញ និងភិតភ័យជំនួសវិចិត្រករម្នាក់នោះយ៉ាងខ្លាំង ដោយគិតថាតើវិចិត្រករអាចគូររូបរបស់ស្តេចបានយ៉ាងដូចម្តេចព្រោះទ្រង់មានពិការភាព? ហើយចុះប្រសិនបើស្តេចមិនចូលចិត្តគំនូរហើយខឹង តើនឹងមានរឿងអ្វីកើតឡើង? ប៉ុន្តែនៅពេលដែលវិចិត្រកររូបនោះបានបង្ហាញរូបគំនូរនោះមនុស្សគ្រប់គ្នានៅក្នុងសាលកាត់ក្ដីរួមទាំងស្តេចបានស្រឡាំងកាំងយ៉ាងខ្លាំង។

ជាលទ្ធផលជាងគំនូរបានធ្វើរូបបញ្ឈរដែលស្តេចកំពុងអង្គុយលើសេះនៅលើជើងម្ខាង ដៃកាន់ធ្នូរបស់គាត់ហើយតម្រង់ព្រួញដោយភ្នែកម្ខាងរបស់គាត់បានបិទ។ ព្រះរាជាត្រេកអរណាស់ដែលបានឃើញថាវិចិត្រកររូបនេះបានគូររូបយ៉ាងស្រស់ស្អាតដោយលាក់បាំងភាពពិការរបស់ខ្លួន រំពេចនោះ ព្រះមហាក្សត្របានប្រទានរង្វាន់ដ៏អស្ចារ្យដល់គាត់។

តម្លៃអប់រំ៖ យើងគួរគិតវិជ្ជមានពីអ្នកដទៃជានិច្ច ហើយកុំអើពើនឹងចំណុចខ្វះខាតរបស់ពួកគេ​ ដោយយើងគួរតែរៀនផ្តោតលើរឿងល្អៗ ជាជាងព្យាយាមលាក់ចំណុចខ្សោយ។ ប្រសិនបើយើងគិតនិងខិតជិតវិជ្ជមាន សូម្បីតែក្នុងស្ថានភាពអវិជ្ជមានក៏ដោយ នោះយើងនឹងអាចដោះស្រាយបញ្ហារបស់យើងកាន់តែមានប្រសិទ្ធភាព៕

អត្ថបទ៖ លីនី