ប្រទេសម៉ាឡេស៊ីនឹងសហការជាមួយក្រុមហ៊ុន Daihatsu Motor របស់ជប៉ុនសម្រាប់រថយន្តជាតិទី ៣
សេដ្ឋកិច្ច August 12, 2019 Chan Sreyny

ម៉ាឡេស៊ី៖ យោងតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិបានឱ្យថាប្រទេសម៉ាឡេស៊ីនឹងសហការជាមួយក្រុមហ៊ុន Daihatsu Motor Co របស់ប្រទេសជប៉ុនដើម្បីផលិតរថយន្តជាតិទី ៣ ជាមួយនឹងម៉ូដែលទី ១ ដែលរំពឹងថានឹងរួចរាល់នៅឆ្នាំ ២០២១ ។
ថ្លែងនៅក្នុងសេចក្តីប្រកាសនៃការបណ្តាក់ទុនរួមគ្នានេះ រដ្ឋមន្រ្តីក្រសួងលោក Darell Leiking បាននិយាយថាការបណ្តាក់ទុននេះនឹងជំរុញអាជីវកម្មក្នុងស្រុកដោយអនុញ្ញាតឱ្យពួកគេក្លាយជាខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ឧស្សាហកម្មរថយន្តដែលមានតម្លៃខ្ពស់ ហើយនឹងបង្កើតឱកាសថ្មីសម្រាប់អ្នកលក់ក្នុងស្រុក ក៏ដូចជាសមត្ថភាពដែលជាផ្នែកមួយនៃខ្សែសង្វាក់តម្លៃបច្ចេកវិទ្យាខ្ពស់។

សម្រាប់គម្រោងរថយន្តជាតិទី៣ នេះ នឹងត្រូវបានផលិតឡើងដោយក្រុមហ៊ុន DreamEDGE Sdn Bhd មានមូលដ្ឋាននៅទីក្រុង Cyberjaya រដ្ឋ Selangor ដែលមានសមត្ថភាពក្នុងការផ្តល់នូវគម្រោងវិស្វកម្មដោយធ្លាប់មានបទពិសោធន៏ជាច្រើននៅក្នុងវិស័យប្រេង និងឧស្ម័ន ផ្លូវដែក ការបង្កើត និងការជួសជុលកប៉ាល់។ ហើយរថយន្តនេះនឹងត្រូវបានអភិវឌ្ឍដោយវិស្វករម៉ាឡេស៊ីដោយមានការគាំទ្រផ្នែកបច្ចេកវិទ្យាពី ក្រុមហ៊ុន Daihatsu Motor Co ដោយរថយន្តជាតិថ្មីនេះទំនងជាប្រភេទរថយន្ត C-segment ដែលអាចមានទាំងម៉ាស៊ីនចំហេះខាងក្នុង ឬអាចក្លាយជាប្រភេទកូនកាត់ផងដែរ។

បន្ថែមពីនេះរថយន្តជាតិថ្មី នឹងមានតម្លៃសមរម្យសម្រាប់សាធារណជន ហើយនឹងក្លាយជាម៉ូដែលថ្មីមួយដែលរួមបញ្ចូលបច្ចេកវិទ្យាទំនើប និងការរចនាផ្តោតលើគុណភាពនៃការចាប់កាន់ និងមុខងារ human-machine interface (HMI) នៅលើអេក្រង់តាបឡូរបស់រថយន្ត។ មិនតែប៉ុណ្ណោះគម្រោងទី៣ នេះត្រូវបានផ្តល់ដោយមូលនិធិឯកជនហើយរដ្ឋាភិបាលនឹងជួយទាក់ទងនឹងពន្ធ និងការស្រាវជ្រាវ ឬ ក្រុមហ៊ុនអាចមានសិទ្ធិដាក់ពាក្យសុំជំនួយពីរដ្ឋាភិបាល។

គួរបញ្ជាក់ផងដែរថា​រថយន្តជាតិទី ៣ ត្រូវបង្កើតឡើងបន្ទាប់ពីប្រទេសម៉ាឡេស៊ីផលិតរថយន្តជាតិបាន ២ គ្រឿងដោយជោគជ័យជាមួយក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសម៉ាឡេស៊ី Proton ដែលជារថយន្តទី១ នៅឆ្នាំ ១៩៨៣ បន្ទាប់មកគឺក្រុមហ៊ុនផលិតក្នុងស្រុកទី២ ឈ្មោះ Perodua ក្នុងឆ្នាំ ១៩៩២ ហើយត្រូវបានគេរំពឹងទុកថាម៉ូដែលដំបូងនឹងត្រូវបានដាក់ឱ្យដំណើរការនៅខែមីនាឆ្នាំក្រោយនេះ៕​

អត្ថបទ៖ លីនី