ខណៈក្មេងអាយុ ១០ ឆ្នាំជាច្រើនកំពុងវក់លេងនៅខាងក្រៅ Isabel Sieh សំងំរៀនជំនាញប្លែកពីគេ ដែលអាចបង្កើតក្រុមហ៊ុនដោយខ្លួនឯងត្រឹមតែអាយុ ១៣ ឆ្នាំ
បុគ្គលជោគជ័យ August 12, 2019 Chan Sreyny

ខណៈក្មេងអាយុ ១០ ឆ្នាំជាច្រើនកំពុងវក់លេងនៅខាងក្រៅ ក្មេងស្រីវ័យក្មេងម្នាក់មកពីប្រទេសហ្វីលីពីនបានជាប់រវល់រៀនអ្វីប្លែកពីគេ។ ក្មេងស្រី Isabel Sieh មកពីទីក្រុង Antipolo ប្រទេសហ្វីលីពីន ដែលបច្ចុប្បន្នមានអាយុ ១៥ ឆ្នាំបានបង្កើតក្រុមហ៊ុនដោយខ្លួនឯងមានឈ្មោះថា “ Girls Will Code ” និងក្លាយជាអ្នកជំនួញវ័យក្មេងជាងគេបំផុតនៅលើពិភពលោក។ នៅពេលដែលនាងមានអាយុ ១០ ឆ្នាំ Isabel Sieh ត្រូវបានគ្រូរបស់ខ្លួនណែនាំឲ្យរៀនសរសេរកូដ ដោយសារតែគ្រូរបស់នាងសម្គាល់ឃើញថានាងពូកែខាងគណិតវិទ្យា ក៏បានស្នើឱ្យនាងរៀនជំនាញនេះ ដែលជាជំនាញមួយធ្វើឱ្យមនុស្សជាច្រើនក្លាយជាមហាសេដ្ឋីដូចជា Bill Gates និង Steave Jobs ជាដើម។

Isabel Sieh បានចាប់ផ្ដើមរៀនដោយប្រើវេបសាយ Code Academy ដែលអាចឱ្យនាងរៀន HTML និង JavaScript តាមរយៈថ្នាក់បង្រៀនតាមអ៉ីធឺណេត មិនតែប៉ុណ្ណោះម្ដាយរបស់នាងក៏បានជួលគ្រូមកបង្រៀននាងបន្ថែមនៅផ្ទះ ដើម្បីបង្កើនចំណេះដឹងផងដែរ។ បន្ទាប់ពីបានដឹងពីចំណង់ចំណូលចិត្តរបស់ខ្លួនក្នុងការសរសេរកូដក្មេងស្រីវ័យក្មេងរូបនេះបានចាប់ផ្ដើមបង្កើតក្រុមហ៊ុនក្នុងគោលបំណងជួយដល់ក្មេងស្រីក្មេងៗដែលមានចំណាប់អារម្មណ៍ក្នុងការសរសេរកូដផងដែរ បន្ថែមពីនេះនាងក៏លើកទឹកចិត្តសាលារៀនឱ្យអនុវត្តការសរសេរកូដដែលជាសកម្មភាពបន្ថែមនៅក្នុងសាលាទៀតផង ដោយនាងបានលើកឡើងថា « វាដូចគ្នានឹងភាសាដែរ នៅអ្នកឧស្សាហ៍រៀន អ្នកពិតជាស្ទាត់ជំនាញ »។

ដូច្នេះរឿងរ៉ាវដែលបំផុសគំនិតរបស់ក្មេងស្រីវ័យក្មេងនេះគ្រាន់តែបញ្ជាក់ថា អាយុមិនត្រូវបានកំណត់ នៅពេលនិយាយពីការរៀនសូត្រ ហើយវ័យក៏មិនត្រូវបានកំណត់នៅក្នុងការបង្កើតក្រុមហ៊ុនដោយខ្លួនឯងនោះដែរ៕

អត្ថបទ៖ លីនី