យោងតាមសារព័ត៌មានថៃបានឲ្យដឹងថាប្រទេសថៃបានស្នើសុំភ្ជាប់កំពង់ផែរបស់ខ្លួនជាមួយនឹងកំពង់ផែនៅក្នុងខេត្តព្រះសីហនុក្នុងគោលបំណងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសដើម្បីជួយដោះស្រាយបញ្ហាកកស្ទះនៅកំពង់ផែព្រះសីហនុផងដែរ។ យ៉ាងណាមិញកាលពីថ្ងៃអង្គារកន្លងទៅនេះ គណៈប្រតិភូមកពីច្រករបៀងសេដ្ឋកិច្ចភាគខាងកើតនៃប្រទេសថៃបានជួបជាមួយអាជ្ញាធរកម្ពុជា ដើម្បីពិភាក្សាអំពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែឡាមចាបាងក្នុងខេត្តឈុនបុរី ជាមួយកំពង់ផែក្រុងព្រះសីហនុ។
ប្រភពដដែលបានបន្តថាចំពោះការស្នើសុំនេះ កម្ពុជារីករាយនឹងសហការ និងបើកចំហចំពោះគំនិតនេះ ប៉ុន្តែក៏មានការព្រួយបារម្ភពីការតភ្ជាប់នេះអាចនឹងមានបញ្ហាជាមួយមន្រ្តីគយនៅក្នុងប្រទេសថៃ អំពីការឆ្លងព្រំដែននិងរបៀបដែលអាជ្ញាធរថៃអាចមានប្រតិកម្ម ដូច្នេះកម្ពុជាស្នើឱ្យគណៈប្រតិភូដោះស្រាយបញ្ហានេះជាមុនសិន។ ជាមួយគ្នានេះដែរការតភ្ជាប់នេះក៏ជាដំណឹងល្អសម្រាប់វិស័យដឹកជញ្ជូនផងដែរ ដោយប្រសិនបើកំពង់ផែទាំងពីរបានតភ្ជាប់ និងមានទំនាក់ទំនងគ្នា នឹងបង្កើតផលប្រយោជន៍យ៉ាងធំធេងសម្រាប់ប្រទេសទាំងពីរ ដោយជួយទាក់ទាញការវិនិយោគ និងកាត់បន្ថយពេលវេលាដឹកជញ្ជូន ជាពិសេសក្រុមហ៊ុនជប៉ុន និងកូរ៉េដែលមានវត្តមាននៅក្នុងប្រទេសថៃអាចនឹងពិចារណាពង្រីកខ្លួនចូលប្រទេសកម្ពុជាប្រសិនបើផែនការនេះសម្រេចបាន៕

អត្ថបទ


