នាយកប្រតិបត្តិនិងជាស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Alibaba លោក Jack Ma បានប្រកាសនៅក្នុងសន្និសីទ Viva Tech នៅទីក្រុងប៉ារីសកាលពីថ្ងៃទី ១៦ ខែឧសភាថាលោកនឹងវិលត្រឡប់ទៅបង្រៀនវិញបន្ទាប់ពីចូលនិវត្តន៍នៅខែកញ្ញាឆ្នាំនេះ។ បុរសវ័យ ៥៤ ឆ្នាំរូបនេះនឹងចុះចេញពីតំណែងជាផ្លូវការនៅថ្ងៃទី ១០ ខែកញ្ញាឆ្នាំនេះដែលជាខួបគម្រប់ ២០ ឆ្នាំរបស់ក្រុមហ៊ុន ដោយត្រលប់ទៅរកអាជីពជាគ្រូបង្រៀនវិញ។
អតីតគ្រូបង្រៀនអង់គ្លេសរូបនេះបាននិយាយថាគាត់កំពុងជ្រើសរើសធ្វើដូច្នេះព្រោះគាត់ចូលចិត្តបង្រៀន ហើយនៅតែចាត់ទុកខ្លួនគាត់ថានៅក្មេងដោយចង់ចំណាយពេល ១៥ ឆ្នាំទៀតក្នុងវិស័យអប់រំ។ មិនតែប៉ុណ្ណោះគាត់ចង់ចំណាយប្រាក់ដែលខ្លួនរកបានពីក្រុមហ៊ុន Alibaba លើ ការកែលំអ និងផ្លាស់ប្តូរប្រព័ន្ធអប់រំនៅប្រទេសចិនជំនួសឱ្យការប្រគល់ទៅឱ្យវិនិយោគិន ឬធនាគារ។ យោងតាមទស្សនាវត្ដី Forbes បានឱ្យដឹងថាអ្នកដែលទទួលតំណែងនាយកប្រតិបត្តិក្រុមហ៊ុន Alibaba បន្ទាប់ពីលោកគឺ លោក Daniel Zhang។
តាមពិតលោកម៉ាបានស្វែងរក “ មនុស្សម្នាក់ដែលប្រសើរជាងគាត់ ” ចាប់តាំងពីអ្នកវិនិយោគស្នើឱ្យគាត់លាឈប់ពីតំណែងនៅពេលដែលក្រុមហ៊ុនមានបញ្ហាធំកាលពីជាង ១០ ឆ្នាំមុន ដោយនៅពេលដែលគាត់បានដឹងហើយ តែគាត់មិនអាចលាលែងពីតំណែងនៅក្នុងពេលនោះទេ ព្រោះបើគាត់លាលែងក្រុមហ៊ុននឹងដួលរលំនៅពេលនេះ។ នៅក្នុងសន្និសិទដដែលលោកបាននិយាយថា គាត់មិនមានមោទនភាពចំពោះការពិតដែលគាត់បានបង្កើតក្រុមហ៊ុន Alibaba នោះទេ ផ្ទុយទៅវិញគាត់មានមោទនភាពចំពោះកំហុស និងបញ្ហាប្រឈមដែលក្រុមហ៊ុនបានយកឈ្នះក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។
បន្ថែមពីនេះគាត់ក៏បានលើកឡើងថា៖ « នៅពេលដែលអ្នកក្លាយជាសហគ្រិនកុំបារម្ភពីដៃគូប្រកួតប្រជែង កុំបារម្ភអំពីកំហុស កុំបារម្ភអំពីបញ្ហាប្រឈមសូមឆ្លងកាត់វា នោះគឺជាផ្នែកដ៏អស្ចារ្យ និងរីករាយអំពីអាជីវកម្មរបស់អ្នក។ ហើយអ្នកមិនអាចអង្គុយនៅទីនោះហើយយំបានទេ ប្រសិនបើការយំនឹងដោះស្រាយបញ្ហារបស់គាត់បាន គាត់អាចយំរហូតដល់ទឹកភ្នែកក្លាយទៅជាសមុទ្រ៕
អត្ថបទ៖ លីនី


