ត្រឹមឆមាសទី១ កម្ពុជាទទួលភ្ញៀវទេសចរជាង ៣ លាននាក់ដែលកើនឡើង ១១.២%
សេដ្ឋកិច្ច August 9, 2019 Chan Sreyny

យោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថាកម្ពុជាស្វាគមន៍ភ្ញៀវទេសចរដែលមកកំសាន្តចំនួន ៣,៣ លាននាក់ក្នុងឆមាសទី១ នៃឆ្នាំ២០១៩ នេះពោលគឺកើនឡើង ១១.២%។ ប្រទេសចិននៅតែជាទីផ្សារទេសចរណ៍ធំរបស់ប្រទេសកម្ពុជា ដែលមានចំនួន ៣៨.៧% នៃភ្ញៀវទេសចរទាំងអស់ ដោយចាប់ពីខែមករា ដល់ខែមិថុនាចំនួនភ្ញៀវទេចរចិនមានចំនួនប្រមាណ ១,២ លាននាក់កើនឡើង ៣៨% ខណៈដែលវៀតណាមស្ថិតនៅឡដាប់ថ្នាក់ទី២ ប្រទេសឡាវទី៣ និងប្រទេសថៃទី៤។

ផ្ទុយទៅវិញប្រភពដដែលបានបន្តថាភ្ញៀវទេសចរមកពីប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះ ២០.២% ខណៈដែលភ្ញៀវមកពីសហរដ្ឋអាមេរិកបានធ្លាក់ចុះ ១.១% ។ ក្នុងនោះផងដែរភ្ញៀវទេសចរបរទេសដែលចូលមកទស្សនារមណីយដ្ឋានអង្គរបានធ្លាក់ចុះ ៨% ខណៈដែលរាជធានីភ្នំពេញនិងតំបន់ឆ្នេរសមុទ្រមានការកើនឡើងយ៉ាងខ្លាំងនៃការមកដល់របស់ភ្ញៀវទេសចរ ដោយរដ្ឋធានីស្វាគមន៍ភ្ញៀវជាង ២ លាននាក់ និងតំបន់ឆ្នេរសមុទ្រជិត ៦០ ម៉ឺននាក់កើនឡើង ២៧% ក្នុងករណីទាំងពីរ។

អ្នកនាំពាក្យក្រសួងទេសចរណ៍បានឲ្យដឹងថា វិស័យនេះកំពុងមានកំណើនល្អ បើទោះបីជាភ្ញៀវទេសចរមកពីប្រទេសមួយចំនួនធ្លាក់ចុះក៏ពិតមែន ប៉ុន្តែនេះជានិន្នាការទូទៅដែលមិនគួរឲ្យព្រួយបារម្ភព្រោះចំនួនភ្ញៀវទេសចរនៅតែបន្តកើនឡើង។ បន្ថែមពីនេះក្រសួងក៏បានបញ្ជាក់ផងដែរថាការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរនៅខេត្តសៀមរាប គឺជាលទ្ធផលនៃអ្នកទេសចរដែលបានជ្រើសរើសទៅទស្សនាតំបន់ទេសចរណ៍ផ្សេងៗនៅក្នុងព្រះរាជាណាចក្រដូចជាតំបន់ឆ្នេរសមុទ្រ និងតំបន់ភាគឦសាន្ត។

គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំមុនភ្ញៀវទេសចរបរទេសដែលមកធ្វើវិស្សមកាលនៅក្នុងប្រទេសកម្ពុជាមានចំនួន ៦,២ លាននាក់កើនឡើង ១០.៧% ពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយប្រទេសកម្ពុជាត្រូវបានគេរំពឹងថានៅឆ្នាំ ២០២០ វិស័យទេសសចរណ៍នឹងទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៧ លាននាក់ក្នុងមួយឆ្នាំ ដែលរកប្រាក់បាន ៤,៣ ពាន់លានដុល្លារសម្រាប់ឧស្សាហកម្មនេះដោយប្រហែល ២ លាននាក់នៃភ្ញៀវទេសចរទាំងនោះនឹងមកពីប្រទេសចិន៕

អត្ថបទ៖ លីនី