កម្ពុជា-ស្រីលង្កា នឹងពង្រឹងកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ
សេដ្ឋកិច្ច August 9, 2019 Chan Sreyny

ភ្នំពេញ៖ កាលពីរសៀលថ្ងៃពុធ ទី០៧ សីហា កន្លងទៅនេះ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា បានស្វែងរកកាលានុវត្តភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ តាមរយៈវេទិកាធុរកិច្ច កម្ពុជា-ស្រីលង្កា ដែលបានរៀបចំឡើង ក្រោមការអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា។

នៅក្នុងវេទិកាធុរកិច្ចដែលមានតំណាងវិស័យឯកជនប្រទេសទាំងពីរប្រមាណ ៥០០ នាក់ចូលរួមផងនោះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានសម្ដែងការស្វាគមន៍ចំពោះអ្នកវិនិយោគបរទេសទាំងអស់ ជាពិសេសអ្នកវិនិយោគិនស្រីលង្កា ដែលមានបំណងបណ្ដាក់ទុននៅកម្ពុជា ដោយក្នុងនោះសម្ដេចបានលើកទឹកចិត្ត ឱ្យមានការពិភាក្សារវាងវិស័យឯកជនជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងយល់អំពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅក្នុងប្រទេសកម្ពុជា សំដៅទៅលើការចាប់ដៃគូ​ធុរកិច្ច និងជំរុញការវិនិយោគទុនទៅវិញទៅមក។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម វ៉ាសាន់ថា សេនាណាយ៉ាកា (Vasanatha Senanayak) រដ្ឋលេខាធិការក្រសួងការបរទេសស្រីលង្កា បានសម្ដែងសុទិដ្ឋិនិយមខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី កម្ពុជា-ស្រីលង្កា ដែលជាសញ្ញាណនៃការតភ្ជាប់កម្រិតតំបន់ប្រកបដោយសក្ដានុពល រវាងអាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើត។ បន្ថែមពីនេះឯកឧត្តមរដ្ឋលេខាធិការបានស្នើសភាពាណិជ្ជកម្មប្រទេសទាំងពីរ ប្រើប្រាស់វេទិការនេះឱ្យអស់ពីលទ្ធភាព ដើម្បីកំណត់អំពីវិស័យសក្ដានុពលនានា និងឱកាសពង្រីកកិច្ចសហប្រតិបត្តិការធុរកិច្ចជាក់ស្ដែង។ ក្នុងនោះឯកឧត្តម វ៉ាសាន់ថា សេនាណាយ៉ាកា បានគូសបញ្ជាក់ថា៖ « ស្រីលង្កាពិតជាអាចចារ និងបញ្ចប់កិច្ចព្រមព្រៀងស្ដីពីការមិនយកពន្ធត្រួតគ្នា និងការគាំពារផ្នែកវិនិយោគ ដើម្បីឆ្ពោះទៅរកការពង្រីកកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី »។

គួរបញ្ជាក់ផងដែរថាព្រះរាជាណាចក្រ និងសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា បានតភ្ជាប់ទំនាក់ទំនងការទូតផ្លូវការឡើងវិញ និងបានពង្រឹងជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ដោយកាលពីឆ្នាំ ២០១៨ កន្លងទៅនេះ សម្រាប់វិស័យពាណិជ្ជកម្ម ការដោះដូពាណិជ្ជកម្មនៃប្រទេសទាំងពីរសម្រេចបានទឹកប្រាក់ ៣,៨៩ លានដុល្លារអាមេរិក នៅក្នុងនោះកម្ពុជានាំចេញទៅកាន់ស្រីលង្កាមានទឹកប្រាក់ ១,១៣ លានដុល្លារអាមេរិក និងនាំចូលមានទឹកប្រាក់ ២,៧៥ លានដុល្លារអាមេរិក។ បន្ថែមពីនេះនៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០១៩ ទឹកប្រាក់នៃការដោះដូរពាណិជ្ជកម្មប្រទេសទាំងពីរសម្រេចបាន ១,១៩លានដុល្លារអាមេរិកផងដែរ៕

អត្ថបទ៖ លីនី