ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្ដល់ជំនួយបច្ចេកទេសលើការអនុវត្តគម្រោង «មូលនិធិអភិវឌ្ឍន៍កិច្ចគាំពារសង្គម» នៅប្រទេសកម្ពុជា ដែលជាគម្រោងអភិវឌ្ឍន៍ធំមួយទៀតរបស់ខ្លួន ដើម្បីជួយអភិវឌ្ឍន៍ប្រទេសមួយចំនួន ក្នុងការអភិវឌ្ឍវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គម។ គម្រោងនេះ ADB បាននឹងកំពុងសិក្សានៅតាមប្រទេសចំនួន៦ ក្នុងនោះរួមមាន៖ ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត កម្ពុជា អ៊ូបេគីស្ថាន និងអាស៊ាបៃសង់។
នៅក្នុងជំនួបពិភាក្សាការងារនេះឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់នូវអនុសាសន៍ ក៏ដូចជាមតិយោបល់មួយចំនួន បន្ទាប់ពីលោកស្រី Sri Werning Handayni បានស្នើសុំមតិយោបល់ដើម្បីជាគន្លឹះក្នុងការអនុវត្តការសិក្សាលើគម្រោងខាងលើនេះ ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិតក៏បានស្នើឱ្យមានការសិក្សាលើការគាំពារសិទ្ធិ និងការរស់នៅរបស់ជនងាយរងគ្រោះ ជនចាស់ជរា ជនមានពិការភាព កុមារកំព្រាជាដើមជាពិសេសស្នើ ADB ឱ្យមានការគិតគូរលើនិរន្តរភាពហិរញ្ញវត្ថុនៃកិច្ចគាំពារសង្គមនេះផងដែរ។
លើសពីនេះ ឯកឧត្តមបណ្ឌិត ក៏បានចាត់ក្រុមការងាររបស់បេឡាជាតិរបបសន្តិសុខសង្គម និងអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលធ្វើការងារលើវិស័យទាំងនោះស្រាប់ ឱ្យចូលរួមសហការជាមួយក្រុមការងាររបស់ធនាគារ ADB សំដៅធ្វើយ៉ាងណាឱ្យការងារនេះទទួលបានលទ្ធផលល្អ។ សូមបញ្ជាក់ថា ជំនួយបច្ចេកទេសនេះត្រូវបានអនុវត្តនៅក្នុងប្រទេសចំនួន៣ រួមមាន៖ ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងទីម័រខាងកើត ហើយប្រទេស៣បន្ទាប់ ដែលគ្រោងនឹងផ្តល់ជំនួយបច្ចេកទេសនេះ រួមមាន៖ កម្ពុជា អាស៊ាបៃសង់ និងអ៊ូបេគីស្ថាន៕


អត្ថបទ៖ លីនី


