ពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសចិនបានបង្ហាញពីស្ថេរភាពគួរឱ្យភ្ញាក់ផ្អើលក្នុងខែកក្កដាកន្លងទៅនេះ ដោយការនាំចេញកើនឡើង ៣.៣% ហើយការនាំចូលធ្លាក់ចុះ ៥.៦% ដែលទាបជាងការរំពឹងទុករបស់អ្នកវិភាគ បើទោះបីជាប្រទេសចិនប្រឈមមុខនឹងការដាក់ពន្ធពីសហរដ្ឋអាមេរិក និងការផ្លាស់ប្ដូរខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនជាច្រើនក៏ដោយ។ ក្នុងនោះផងដែរការនាំចេញសរុបនៅខែកក្កដាមានចំនួន ២២១,៥៣ ពាន់លានដុល្លារ ខណៈដែលការនាំចូលសរុបមានចំនួន ១៧៥,៤៧ ពាន់លានដុល្លារផងដែរ។
ទន្ទឹមនឹងនេះដែរអតិរេកពាណិជ្ជកម្មសរុបរបស់ចិនមានចំនួន ៤៥,០៦ ពាន់លានដុល្លារក្នុងខែកក្កដាពោល គឺធ្លាក់ចុះពី ៥០,៩៨ ពាន់លានដុល្លារក្នុងខែមិថុនាដែលទាបជាងការព្យាករណ៍របស់អ្នកវិភាគថានឹងមានចំនួនត្រឹមតែ ៤២,៦៥ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ គួររំលឹកផងដែរថាសង្គ្រាមពាណិជ្ជកម្មដែលបានចាប់ផ្តើមកើតមានឡើងនៅក្នុងខែកក្កដាឆ្នាំ២០១៨ ធ្វើឪ្យវិស័យពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរលើពិភពលោកកាន់តែយ៉ាប់យឺតបន្តិចម្ដងៗ ដោយកាលពីខែមុនការនាំចេញពីប្រទេសចិនទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ៦.៥% ខណៈការនាំចូលបានធ្លាក់ចុះ ១៩.១% ។ ចំពោះអតិរេកពាណិជ្ជកម្មរបស់ចិនជាមួយអាមេរិកមានចំនួន ២៩,៩៨ ពាន់លានដុល្លារកាលពីខែមុន បង្ហាញពីការធ្លាក់ចុះ ០.៤% កាលពីមួយឆ្នាំមុន និងថយចុះ ៦.៥% កាលពីខែមិថុនា។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការលក់រាយនៅតែរឹងមាំគួរឱ្យកត់សម្គាល់ដែលកើនឡើង ៩.៨% នៅក្នុងខែមិថុនា ដោយសារតែការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនក្នុងការបង្កើតសកម្មភាពជំរុញសេដ្ឋកិច្ចដើម្បីឲ្យការចំណាយមានការកើនឡើង។ សរុបមកពាណិជ្ជកម្មរបស់ប្រទេសចិននៅតែល្អ ដោយសេដ្ឋកិច្ចបានកើនឡើង ៦.២% នៅក្នុងត្រីមាសទី ២ នៃឆ្នាំនេះទោះបីជាស្ថិតនៅក្នុងស្ថានភាពតឹងតែងនៅក្នុងជំលោះពាណិជ្ជកម្មជាមួយអាមេរិកក៏ដោយ៕
អត្ថបទ៖ លីនី


