សហស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs ដែលត្រូវបានគេស្គាល់ថាជាបុគ្គលជោគជ័យក្នុងការបង្កើតឧបករណ៍បច្ចេកវិទ្យាដ៏ល្បីបំផុតសម្រាប់ពិភពលោក ដោយសារតែនៅតាមផ្លូវជីវិតដែលគាត់បានរៀន គាត់ដើរតាមមាគា៌ដែលប្លែកពីគេ និងធ្វើអ្វីៗដែលមនុស្សដទៃទៀតមិនធ្វើ ឬ មិនបានគិតដល់។ គាត់បានដឹងពីអំណាចនៃការស្នើសុំជំនួយ ហើយបានដឹងថាជំនឿអាចជម្រុញនិងលើកទឹកចិត្តឲ្យមនុស្សអាចសម្រេចបាននូវគោលដៅ និងទទួលបានជោគជ័យ ដោយតាមបទពិសោធរបស់គាត់ដែលធ្វើឲ្យគាត់ទទួលបានភាពល្បីល្បាញមកទល់សព្វថ្ងៃ។
ប៉ុន្តែនៅពីក្រោយភាពជោគជ័យរបស់ក្រុមហ៊ុន Apple លោកបានលើកឡើងថា « ប្រសិនបើខ្ញុំ និងមិត្តភកិ្ករបស់ខ្ញុំឈ្មោះ Steve Wozniak មិនបានបង្កើតប្រអប់ខៀវដែលបានច្នៃពីទូរស័ព្ទក្នុងការហៅចម្ងាយឆ្ងាយ សូម្បីតែទូរស័ព្ទទៅបរទេសដោយឥតគិតថ្លៃទេ នោះសព្វថ្ងៃនេះមិនមានក្រុមហ៊ុន Apple នោះទេ »។ បន្ទាប់ពីបង្កើតប្រអប់ខៀវលោក Jobs និង Woz បានលក់វាក្នុងតម្លៃប្រហែល ៦០០០ ដុល្លារមុនពេលពួកគេត្រូវបានប៉ូលីសចាប់ តែពួកលោកទាំងពីរទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលក្មេងជំទង់ពីរនាក់អាចសាងសង់ប្រអប់នេះដោយចំណាយទឹកប្រាក់ ១០០ ដុល្លារ ដែលអាចគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរាប់រយពាន់លានដុល្លារនៅក្នុងបណ្តាញទូរស័ព្ទទូទាំងពិភពលោក។ ដូច្នេះទើបលោកអះអាងថាប្រសិនបើពួកគាត់ មិនបានរិះរកវិធីសាងសង់ និងមិនបង្កើតប្រអប់ពណ៌ខៀវទេ Apple ក៏មិនមានវត្តមានដែរ៕

អត្ថបទ៖ លីនី


