មហាសេដ្ឋី Jeff Bezos បានលាតត្រដាងអាថ៌កំបាំងនៃភាពជោគជ័យដ៏អស្ចារ្យរបស់ក្រុមហ៊ុន Amazon ត្រឹមតែ ៣ ពាក្យប៉ុណ្ណោះ​
បុគ្គលជោគជ័យ August 7, 2019 Chan Sreyny

ជាការពិតណាស់ Jeff Bezos មានទ្រព្យសម្បត្តិច្រើន និងកា្លយជាបុរសដែលមានបំផុតនៅលើពិភពលោក ដោយសារតែភាពជោគជ័យជំនួញអេឡិចត្រូនិចរបស់គាត់នៅក្នុងក្រុមហ៊ុន Amazon ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ នៅក្នុងយានដ្ឋានដ៏តូចមួយរបស់គាត់ រហូតបានរីកចម្រើនទៅជាអាជីវកម្មដ៏ធំមួយដែលមាននិយោជិកជាង ៦៤៧,០០០ នាក់និងប្រាក់ចំណូលចំនួន ២៣២,៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨។ មូលហេតុដែលធ្វើឲ្យក្រុមហ៊ុនទទួលបានជោគជ័យលោក Jeff Bezos បានបង្ហាញពីគន្លឹះ ៣ យ៉ាងដែលផ្តោតលើអតិថិជនច្រើនជាងគេបំផុតលើផែនដីដូចជា៖

១. ស្ដាប់៖ ចំណុចសំខាន់ដើម្បីឆ្ពោះទៅរកភាពជោគជ័យ ហើយក៏ទទួលបានលទ្ធផលជាទីគាប់ប្រសើរនោះ ដំបូងអ្នកត្រូវស្ដាប់អតិថិជនមិនថាជាការសសើរ ឬ ការរិះគន់ ដើម្បីស្វែងរកដំណោះស្រាយ និងខិតខំព្យាយាមស្វែងរកអ្វីដែលកាន់តែពិសេសបន្ថែមទៀត ដើម្បីបំពេញតាមសេចក្ដីត្រូវការរបស់ពួកគេ។ នៅក្នុងនោះផងដែរលោកបានបន្ថែមថា « ក្រុមហ៊ុនដែលមិនយកចិត្តទុកដាក់ ឬ ស្ដាប់អតិថិជន ក្រុមហ៊ុននោះនឹងបរាជ័យ »។

២. ច្នៃប្រឌិត៖ ក្រុមហ៊ុនដែលជោគជ័យមិនមែនគ្រាន់តែស្ដាប់នូវមតិយោបល់អតិថិជនតែមួយមុខនោះទេ​ តែត្រូវចេះច្នៃប្រឌិតសម្រាប់អតិថិជន ស្វែងរកអ្វីដែលថ្មីៗប្លែក និងផ្ដល់អត្ថប្រយោជន៍។ ជាក់ស្ដែងក្រុមហ៊ុន Amazon បានខិតខំប្រឹងប្រែងច្នៃប្រឌិតសម្រាប់អតិថិជនរបស់ពួកគេ​ និងប្រាកដថាអ្វីដែលផ្ដល់ជូនសុទ្ធតែទទួលបានការពេញចិត្តពីអតិថិជន។

៣. លក្ខណៈផ្ទាល់ខ្លួន៖ ដូចដែល Bezos បានពន្យល់គោលដៅរបស់ក្រុមហ៊ុន Amazon គឺដើម្បីលើកកម្ពស់ស្តង់ដារពិភពលោកសម្រាប់សេវាកម្មអតិថិជន និងការយកចិត្តទុកដាក់របស់អតិថិជន។ ក្រុមហ៊ុនអាចសម្រេចគោលដៅបានដោយសារតែផ្ដល់នូវលក្ខណៈពិសេសជូនអតិថិជនដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាពួកគេត្រូវបានគេយកចិត្តទុកដាក់យ៉ាងពិសេស ដែលនេះជាការខិតខំយ៉ាងស្វហាប់របស់អ្នកដឹកនាំដើម្បីរកប្រាក់ និងរក្សាការទុកចិត្តពីអតិថិជន៕

អត្ថបទ៖ លីនី