ជប៉ុន នឹងជួយប្រទេសឥណ្ឌូនេស៊ីដើម្បីអភិវឌ្ឍបណ្តាញផ្លូវដែក ទៅជាផ្លូវរថភ្លើងល្បឿនលឿនដែលគ្រោងនឹងចំណាយប្រាក់ប្រមាណ ៦,២៩ ពាន់លានដុល្លារ
សេដ្ឋកិច្ច August 7, 2019 Chan Sreyny

ចាកាតា៖ ខណៈពេលដែលភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបញ្ចប់ការសិក្សាលទ្ធភាពគ្រប់ជ្រុងជ្រោយលើផ្លូវដែក Jakarta-Surabaya រដ្ឋាភិបាលឥណ្ឌូនេស៊ីរំពឹងថានឹងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយ JICA នៅចុងឆ្នាំនេះ ដើម្បីចាប់ផ្តើមសាងសង់គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះនៅពាក់កណ្តាលឆ្នាំក្រោយ។ ទីភ្នាក់ងារ JICA បានប៉ាន់ប្រមាណថាគម្រោងនេះនឹងមានតម្លៃសរុប ៩០ ពាន់ពាន់លានរូពី (ប្រហែល ៦,២៩ ពាន់លានដុល្លារ) ប៉ុន្តែរដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងព្យាយាមរក្សាតម្លៃឱ្យនៅក្រោម ៦០ ពាន់ពាន់លានរូពី។

ជាមួយគ្នានេះដែរគម្រោងផ្លូវរថភ្លើងល្បឿនលឿនត្រូវបានចែកចេញជាពីរដំណាក់កាលក្នុងការសាងសង់ដោយដំណាក់កាលទី១ នឹងសាងសង់ផ្លូវដែកថ្មីពីទីក្រុង Jakarta ទៅកាន់ Semarang ខណៈដែលដំណាក់កាលទី២ នឹងតំឡើងផ្លូវដែកដែលមានស្រាប់ពីតំបន់ Semarang ទៅកាន់ Surabaya ដោយប្រើរយៈពេលប្រមាណ ២ឆ្នាំក្នុងការសាងសង់ និងរយៈពេល ៦ខែដើម្បីធ្វើតេស្តមុនពេលចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំ ២០២២។ បន្ថែមពីនេះផ្លូវរថភ្លើងល្បឿនលឿននឹងជួយកាត់បន្ថយពេលវេលារបស់អ្នកដំណើរពីទីក្រុង Jakarta ទៅកាន់ Semarang រហូតដល់ ៦ម៉ោង ដែលល្បឿនជាមធ្យមនឹងមានចន្លោះពី ១៤០ ទៅ ១៤៥ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងល្បឿនអតិបរមា ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ៕

អត្ថបទ៖ លីនី