ក្រុមប្រឹក្សាពាណិជ្ជកម្មចង់ឲ្យធនាគារថៃដោះស្រាយការឡើងថ្លៃប្រាក់បាតជាបន្ទាន់ ដោយសារតែធ្វើឲ្យការនាំចេញកាន់តែធ្លាក់ចុះ
សេដ្ឋកិច្ច August 7, 2019 Chan Sreyny

យោងតាមសារព័ត៌មានពីប្រទេសថៃបានឪ្យដឹងថា ក្រុមប្រឹក្សាពាណិជ្ជកម្មនឹងជួបប្រជុំជាមួយធនាគារថៃនៅថ្ងៃទី៨ សីហាខាងមុខនេះ ដើម្បីពិភាក្សាពីការកើនឡើងតម្លៃប្រាក់បាតធៀបនឹងប្រាក់ដុល្លារអាមេរិក និងប្រាក់យ័នចិន ដែលធ្វើឲ្យមានផលប៉ះពាល់លើការនាំចេញរបស់ថៃ។ ជាមួយគ្នានេះដែរប្រាក់បាតបានឡើងថ្លៃប្រហែល ៥% នៅក្នុងឆ្នាំនេះបើធៀបនឹងប្រាក់ដុល្លារអាមេរិក ធ្វើឲ្យការនាំចេញនៅក្នុងឆមាសទី១ ធ្លាក់ចុះ ខណៈដែលបច្ចុប្បន្នប្រាក់យ័នក៏ធ្លាក់ចុះផងដែរបើធៀបនឹងប្រាក់ដុល្លារ និងប្រាក់បាត ដោយនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសថៃក្នុងការនាំចេញទៅកាន់ប្រទេសដទៃទៀតជាពិសេសសម្រាប់រយៈពេលចុងឆ្នាំនេះ ប្រសិនបើធនាគាររប្រចាំប្រទេសថៃ (BOT) មិនធ្វើអ្វីមួយ ឬ មិនមានដំណោះស្រាយដើម្បីគ្រប់គ្រងរូបិយប័ណ្ណរបស់ប្រទេស។

លោក Sanan Angubolkul អនុប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មបានឲ្យដឹងថា ការធ្លាក់ចុះរបស់ប្រាក់យ័ននឹងធ្វើឱ្យផលិតផលរបស់ប្រទេសចិនមានតម្លៃថោក ហើយនាំឱ្យអ្នកនាំចូលភាគច្រើនស្នើសុំឱ្យក្រុមហ៊ុននាំចេញថៃបញ្ចុះតំលៃដើម្បីប្រកួតប្រជែងជាមួយផលិតផលរបស់ចិន។ មួយវិញទៀតដោយសារតែជាធម្មតាថ្លៃដើមផលិតកម្មរបស់ប្រទេសថៃខ្ពស់ជាងថ្លៃដើមរបស់ចិន​ ដូច្នេះនៅពេលប្រាក់បាតឡើងថ្លៃខ្លាំងជាងប្រាក់យ័ននោះនឹងធ្វើឲ្យផលិតផលថៃមិនសូវមានការប្រកួតប្រជែង។ ទន្ទឹមនឹងនេះដែរក្រុមហ៊ុនផលិតឧបករណ៍ដើមក៏ត្រូវរងផលប៉ះពាល់ដោយការធ្លាក់ចុះប្រាក់យ័នផងដែរ ព្រោះឧស្សាហកម្មជាច្រើននៅក្នុងប្រទេសថៃបានទទួលការបញ្ជាទិញដើម្បីផលិតផលិតផលពីក្រុមហ៊ុនផលិត OEM របស់ប្រទេសចិនក្នុងការផលិតសម្ភារៈប្រើប្រាស់ផងដែរ៕

អត្ថបទ៖ លីនី