ឥណ្ឌូនេស៊ី នឹងពង្រីកសេវាគ្របដណ្ដប់ប្រព័ន្ធ 4G ដល់ ៩០% នៃប្រជាជននៅត្រឹមដំណាច់ឆ្នាំនេះ
សេដ្ឋកិច្ច August 7, 2019 Chan Sreyny

ចាកាតា៖ ក្រុមហ៊ុនទូរគមនាគមន៍ Indosat Ooredoo ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន ១៤០ លានដុល្លារដើម្បីពង្រីកសេវាគ្របដណ្ដប់បណ្តាញ 4G ទូទាំងប្រទេសពី ៨១% ទៅ ៩០% នៃប្រជាជនចំនួន ២៦៤ លាននាក់នៅចុងឆ្នាំនេះ។ យោងតាមការអះអាងរបស់ប្រធានផ្នែកប្រតិបត្តិក្រុមហ៊ុនបានឲ្យដឹងថាក្រុមហ៊ុននឹង បន្ថែមស្ថានីយ៍បញ្ជូនទិន្នន័យចំនួន ១៨,០០០ មូលដ្ឋានដែលភាគច្រើនស្ថិតនៅក្នុងតំបន់ក្រៅពី Java ដើម្បីគាំទ្រដល់ផែនការពង្រីកនេះ។

ជាមួយគ្នានេះដែរនាយកប្រតិបត្តិ Ahmad Abdulaziz Al-Neama បានបន្ថែមថាអាទិភាពរបស់ក្រុមហ៊ុន គឺបង្កើននិងពន្លឿនល្បឿនសេវាកម្ម 4G ហើយ Indosat នឹងអភិវឌ្ឍបណ្តាញ 5G តែនៅពេលដែលគំរោងបណ្ដាញ 5G បានត្រៀមរួចរាល់នៅក្នុងប្រទេស។ ជាមួយនេះដែរក្រសួងគមនាគមន៍ និងព័ត៌មានរបស់ឥណ្ឌូនេស៊ីបានបញ្ជាក់ថាខ្លួនគ្រោងនឹងធ្វើការដេញថ្លៃបណ្ដាញ 5G នៅឆ្នាំ ២០២២ ដោយសារតែបច្ចេកវិទ្យាទំនាក់ទំនង 5G ត្រូវបានគេរំពឹងថានឹងផ្តល់នូវបទពិសោធន៍អ៉ីនធឺណេតឥតខ្សែ និងកាត់បន្ថយភាពយឺតយ៉ាវក្នុងការទំនាក់ទំនងដល់អ្នកប្រើប្រាស់។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Indosat Ooredoo បានប្រតិបត្តិការស្ថានីយ៍បញ្ជូនទិន្នន័យប្រព័ន្ធ 4G របស់ខ្លួនប្រមាណ ២២,០១៥ មូលដ្ឋាន នៅក្នុងទីក្រុងចំនួន ៤២២ ដោយបានបម្រើអតិថិជនចំនួន ៥៣,៣ លាននាក់ក្នុងអំឡុងត្រីមាសទី១ នៃឆ្នាំ ២០១៩ ពោលគឺធ្លាក់ចុះ ៤៤.៦% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែបទប្បញ្ញត្តិរបស់រដ្ឋាភិបាលស្តីពីការចុះឈ្មោះលេខទូរស័ព្ទចល័ត៕

អត្ថបទ៖ លីនី