ការចំណាយរបស់ភ្ញៀវទេសចរដែលចូលមកកំសាន្តក្នុងប្រទេសសិង្ហបុរីធ្លាក់ចុះគួរឲ្យកត់សម្គាល់ បើទោះបីជាចំនួនភ្ញៀវទេសចរមានការកើនឡើងក៏ដោយ
សេដ្ឋកិច្ច August 6, 2019 Chan Sreyny

សិង្ហបុរី៖ ទោះបីជាមានការកើនឡើងនៃចំនួនភ្ញៀវក៏ពិតមែន ក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរីបានឱ្យដឹងនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃចន្ទថា ការចំណាយរបស់ភ្ញៀវទេសចរបានធ្លាក់ចុះនៅក្នុងត្រីមាសទី១ នៃឆ្នាំនេះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាក់ស្ដែងចំនួនភ្ញៀវទេសចរបានកើនឡើង ១% ក្នុងអំឡុងពេលពីមួយឆ្នាំទៅមួយឆ្នាំ ដោយទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៤,៧ លាននាក់ក្នុងនោះភ្ញៀវទេសចរចិន (៩៦០,០០០ នាក់) ឥណ្ឌូណេស៊ី ៧២៥,០០០ នាក់ឥណ្ឌា (៣០០,០០០) ម៉ាឡេស៊ី (២៨៣,០០០) និងអូស្ត្រាលី (២៦៣,០០០ នាក់) ដែលជាទីផ្សារកំពូលទាំង ៥ ដោយស្មើនឹង ៥៤% នៃចំនួនភ្ញៀវទេសចរសរុបមកកាន់ប្រទេសសិង្ហបុរី។

ជាមួយគ្ននេះដែរដោយសារតែភ្ញៀវទេសចរចំណាយតិចនៅក្នុងវិស័យដូចជា ការដើរទិញឥវ៉ាន់ កន្លែងស្នាក់នៅ ការទស្សនា ក៏ដូចជាអាហារ និងភេសជ្ជៈ ធ្វើឲ្យប្រាក់ចំណូលដែលទទួលបានពីការចំណាយរបស់ភ្ញៀវធ្លាក់ចុះ ៤.៨% ស្មើនឹងតម្លៃ ៦,៥ ពាន់លានដុល្លារសិង្ហបុរី។ នៅក្នុងនោះការចំណាយទៅលើអាហារ និងភេសជ្ជៈធ្លាក់ចុះ ៧% ដែលស្មើនឹង ១,៣៧ ពាន់លានដុល្លារសិង្ហបុរី (៥៨៨ លានដុល្លារ) ហើយសម្រាប់ចំណាយលើការស្នាក់នៅធ្លាក់ចុះ ១២% ស្មើនឹង១,២៦ ពាន់លានដុល្លារសិង្ហបុរី បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកប្រាក់ចំណូលរបស់សណ្ឋាគារបានកើនឡើង ៤.៣% ពីមួយឆ្នាំទៅមួយឆ្នាំដោយឈានដល់ចំនួន ១ ពាន់លានដុល្លារសិង្ហបុរីផងដែរ៕

អត្ថបទ៖ លីនី